ព័ត៌មានអន្តរជាតិ

ថៃ ចាប់ខ្លួនជនសង្ស័យ ជនជាតិអាល្លឺម៉ង់ ដើមកំណើតថៃម្នាក់ ពីបទរំលោភបំពានផ្លូវភេទ លើកុមារ

រូបភាពពី៖​ The Nation

បរទេស៖ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) របស់ថៃ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនសង្ស័យជនជាតិអាល្លឺម៉ង់ ដើមកំណើតថៃម្នាក់ត្រូវបានចាប់ខ្លួននៅផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភាគឦសានប្រទេសថៃកាលពីថ្ងៃអាទិត្យ (១៤ មករា) ពីបទចែករំលែកសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារនៅលើអ៊ីនធឺណិត។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីប៉ូលីសសហព័ន្ធអាល្លឺម៉ង់បានបញ្ចូលព័ត៌មានអំពី Tony (ឈ្មោះសន្មត) ជនសង្ស័យដែលត្រូវបានចោទប្រកាន់ថាបានផ្សព្វផ្សាយរូបភាព និងវីដេអូការរំលោភបំពានផ្លូវភេទលើកុមារនៅលើបណ្តាញវែបសាយងងឹត។ ជនសង្ស័យក៏បានបំពានទៅលើកូនស្រីរបស់ខ្លួនដែរ។

ដោយមានកិច្ចសហប្រតិបត្តិការពី Operation Underground Railroad ដែលជាអង្គការមិនរកប្រាក់ចំណេញ ប្រឆាំងការជួញដូរផ្លូវភេទដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក, មន្ត្រី DSI ក៏បានរកឃើញភស្តុតាងផ្សេងទៀតនៅក្នុងលំនៅដ្ឋានរបស់ជនសង្ស័យ ដូចជាឧបករណ៍អេឡិចត្រូនិចដែលមានរូបថតការរំលោភបំពានផ្លូវភេទលើកុមារ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនពីបទរំលោភផ្លូវភេទលើកុមារ កាន់កាប់សម្ភាររំលោភបំពានផ្លូវភេទកុមារ និងបញ្ចូលព័ត៌មានផ្លូវភេទទៅក្នុងប្រព័ន្ធកុំព្យូទ័រ។ តុលាការព្រហ្មទណ្ឌ ថែមទាំងបានបដិសេធសំណើសុំនៅក្រៅឃុំរបស់ជនសង្ស័យថែមទៀតផង៕ ប្រែសម្រួលៈ ណៃ តុលា

To Top