ព័ត៌មានអន្តរជាតិ

CNN ៖ លោក Biden ព្យាយាមអនុម័ត កញ្ចប់លុយឲ្យអ៊ុយក្រែន មុនពេលដែលលទ្ធផល នៃការបោះឆ្នោតក្នុងឆ្នាំនេះ

Xinhua

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN បានសរសេរថារដ្ឋបាលលោក Biden មានឆន្ទៈ ក្នុងការអនុម័តកញ្ចប់ជំនួយ ចុងក្រោយបំផុត របស់អ៊ុយក្រែន ចំពេលមានការភ័យខ្លាចនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវថា ការទទួលជ័យជម្នះរបស់លោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតី ខែវិច្ឆិកាខាងមុខនេះនឹងអាចកាត់បន្ថយការគាំទ្រ ផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាម របស់អ៊ុយក្រែន។

របាយការណ៍បានបន្ថែមថា លោក Biden បានជំរុញសមាជិកសភា ក្នុងសភាឱ្យយកឈ្នះលើភាពជាប់គាំង និងអាចអនុម័តលើសំណើ ជំនួយទំហំដល់ទៅ៦០ពាន់លានដុល្លារ របស់គាត់ ដោយប្រាប់ ក្រុមមន្ត្រី កាលពីថ្ងៃពុធនៅឯកិច្ចប្រជុំសេតវិមានថា ការបរាជ័យក្នុងការធ្វើដូច្នេះ នឹងសាកល្បងសមត្ថភាពយោធា របស់ទីក្រុងគៀវយ៉ាងធ្ងន់ធ្ងរ ។

បណ្តាញផ្សព្វផ្សាយ ក៏បានដកស្រង់សម្តីមន្ត្រីសេតវិមាន ដែលមិនបញ្ចេញឈ្មោះដោយនិយាយថា លោក Biden បានព្រមានថា ជីវិតរបស់បុគ្គលិកយោធាអាមេរិក នឹងមានផលប៉ះពាល់ជាមិនខាន ប្រសិនបើជម្លោះរុស្ស៊ី-អ៊ុយក្រែន ហក់ចូលទឹកដីណាតូ។

ទូរទស្សន៍ CNN ក៏បានកត់សម្គាល់ផងដែរ នូវការព្រួយបារម្ភនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ ក៏ដូចជានៅក្នុងទីស្នាក់ការកណ្តាល របស់អង្គការណាតូក្នុងទីក្រុងប្រ៊ូសែល ដែលថាជ័យជម្នះរបស់លោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ស្ទើរតែនឹងនាំឱ្យជំនួយ អ៊ុយក្រែនត្រូវបានកាត់បន្ថយ ដែលជាបញ្ហាគោលនយោបាយ ដែលបានក្លាយជាវោហាសាស្ត្រ របស់គណបក្ស សាធារណរដ្ឋនៅក្នុងប៉ុន្មានខែថ្មីៗនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top