ព័ត៌មានអន្តរជាតិ

ប្រទេសសមាជិកណាតូ នឹងនាំគ្នា កសាងលេណដ្ឋានបេតុង នៅព្រំដែន ជាមួយរុស្ស៊ី

រូបភាពពី៖​ RT News

បរទេស៖ ប្រទេសអេស្តូនីបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនមានបំណងសាងសង់លេណដ្ឋានរាប់រយនៅតាមព្រំដែនជាមួយប្រទេសរុស្ស៊ី។ សមាជិកអង្គការណាតូផ្សេងទៀត រួមមាន ប្រទេស ឡាតវី និងលីទុយអានី ក៏បានចុះហត្ថលេខាលើគម្រោងនេះដូចគ្នាផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានឱ្យថា រដ្ឋមន្ត្រីការពារជាតិនៃរដ្ឋបាល់ទិកទាំងបីបានជួបប្រជុំគ្នាក្នុងទីក្រុង Riga ប្រទេសឡាតវី ហើយបានយល់ព្រមលើការសាងសង់នូវអ្វីដែលពួកគេហៅថា “ការដំឡើងប្រព័ន្ធការពារប្រឆាំងនឹងការចល័ត” នៅលើព្រំដែនភាគខាងកើតរបស់ពួកគេ “ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីដែលអាចកើតមាន” ។ ប្រទេស អេស្តូនី និងឡាតវី មានព្រំប្រទល់ជាប់រុស្ស៊ីផ្ទាល់ ចំណែកប្រទេសលីទុយអានី មានព្រំប្រទល់ជាមួយបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអេស្តូនី លោក Hanno Pevkur បាននិយាយថា “យើងកំពុងអនុវត្តកិច្ចខិតខំប្រឹងប្រែងនេះដើម្បីឱ្យប្រជាជនអេស្តូនីមានអារម្មណ៍ថាមានសុវត្ថិភាព” ។ លោក​បាន​បន្ថែម​ថា ជម្លោះ​អ៊ុយក្រែន​បាន​បង្ហាញ​ថា “បន្ថែម​លើឧបករណ៍ គ្រាប់​រំសេវ និង​កម្លាំង​មនុស្ស, យើង​ក៏​ត្រូវ​ការ​រចនាសម្ព័ន្ធ​ការពារ​រាងកាយ​នៅ​តាម​ព្រំដែន​ដែរ”។

ជាផ្នែកមួយនៃអ្វីដែលគេហៅថា “បន្ទាត់ការពារបាល់ទិក” , ប្រទេសអេស្តូនីបានសន្យាថា នឹងសាងសង់លេណដ្ឋានបេតុងរាប់រយ ដែលលេណដ្ឋាននីមួយៗមានទំហំប្រហែល ៣៥ ម៉ែត្រការ៉េ និងអាចស្នាក់នៅបានទាហាន ១០ នាក់។ លេណដ្ឋាននឹងត្រូវដាក់នៅតាមបណ្តោយព្រំដែន ២៩៤ គីឡូម៉ែត្រជាមួយប្រទេសរុស្ស៊ី ហើយភ្ជាប់ជាមួយបណ្តាញនៃចំណុចគាំទ្រ និងខ្សែផ្គត់ផ្គង់៕ ប្រែសម្រួលៈ ណៃ តុលា

To Top