ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះបាក់ដីនៅហ្វីលីពីន កើនដល់១១នាក់ ក្រោយរកឃើញសាកសពថ្មីម្នាក់ទៀត

Xinhua

ម៉ានីល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ថា នៅថ្ងៃសៅរ៍នេះ ក្រុមអ្នកជួយសង្រ្គោះបានរកឃើញ សាកសពបុរស ដែលបានបាត់ខ្លួនចុងក្រោយ ដែលកប់នៅក្នុងពេលមានគ្រោះបាក់ដីកើតឡើងដោយសារភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ដែលបានបោកបក់ឆ្លងកាត់ភូមិជីករុករករ៉ែមួយកន្លែងនៅក្នុងខេត្ត Davao de Oro ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន ។

នៅក្នុងការបង្ហោះព័ត៌មាននៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម រដ្ឋាភិបាលក្រុង Monkayo បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញ សាកសពបុរសវ័យ៤៥ឆ្នាំ ដែលជាអ្នកបាត់ខ្លួនចុងក្រោយគេ ដែលនាំឱ្យចំនួនអ្នកស្លាប់នៅក្នុងភូមិនេះបានកើនឡើងដល់១១នាក់ ។

អាជ្ញាធរមូលដ្ឋានក៏បានរាយការណ៍ឲ្យដឹងថា មនុស្ស២នាក់បានស្លាប់ នៅក្នុងពេលមានគ្រោះបាក់ដីកើតឡើង នៅដាច់ដោយឡែកពីគ្នា នៅក្នុងភូមិមួយនៅក្នុងទីក្រុង Davao ក្នុងខេត្ត Davao del Sur ។

ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រង ហានិភ័យគ្រោះ មហន្តរាយជាតិបានបញ្ជាក់ថា ពលរដ្ឋប្រមាណ ជាង៨៣.០០០គ្រួសារ ឬលើសពី ៣៤៩.០០០នាក់ បានរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ និងគ្រោះបាក់ដីដោយសារតែមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខេត្តចំនួន៤ នៅក្នុងតំបន់ Davao នៅលើដែនកោះ Mindanao ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top