ព័ត៌មានអន្តរជាតិ

មេបញ្ជាការកំពូលៗ ៥នាក់របស់អ៊ីរ៉ង់ ស្លាប់ ដោយសារការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីស្រាអែល

Edward Yeranian

បរទេស ៖ ការ​វាយ​ប្រហារ ​របស់​អ៊ីស្រាអែល ​ជាក់​ស្តែង​លើ​គោល​ដៅ​យោធា​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​រដ្ឋធានី​ ដាម៉ាស ប្រទេស​ស៊ីរី​ គឺបាន​សម្លាប់​មេ​បញ្ជាការ​កំពូល​ចំនួន​៥នាក់​នៃ​កង​កម្លាំង al Quds របស់​ក្រុង​តេហេរ៉ង់ ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការ​វាយ​ប្រហារ​អគារ​លំនៅឋាន​មួយ បានធ្វើឱ្យកប់​ជន​រង​គ្រោះ​នៅ​ក្រោម​គំនរ​បាក់បែក។ ទូរទស្សន៍ស៊ីរី បានផ្សាយដោយបង្ហាញរថយន្តស្ទូចមួយគ្រឿង ដែលព្យាយាមយកកំទេចកំទីចេញពីអគារដែលដួលរលំ ដើម្បីទាញសាកសពចេញពីក្រោមគំនរបាក់បែក។

អ៊ីស្រាអែល​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​ផ្លូវការ​ថា ​តើ​ខ្លួននៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ​ឬ​យ៉ាង​ណា​ទេ។

Rami Abdul Rahman នៃក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ថា លោកជឿថា គ្រាប់រ៉ុក្កែតរបស់អ៊ីស្រាអែល បានវាយប្រហារអគារនេះ បណ្តាលឱ្យដួលរលំ។

លោកបាននិយាយថា កាំជ្រួចរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើអគារនេះ បើទោះបីជាមានរបាយការណ៍ខ្លះថា ការបំផ្ទុះរថយន្តបណ្តាល ឱ្យមានការផ្ទុះ ដែលបណ្តាលឱ្យអគារ (លំនៅដ្ឋានរបស់មេបញ្ជាការអ៊ីរ៉ង់) ដួលរលំក៏ដោយ។ លោក​បាន​បន្ត​ថា តំបន់​ដែល​រង​ការ​វាយ​ប្រហារ​នោះ មាន​វត្តមាន​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ព្រម​ទាំង​កម្លាំង​របស់​អង្គការ​ជីហាត​អ៊ីស្លាម និង​កងជីវពល Hezbollah របស់​លីបង់៕
ប្រែសម្រួលៈ ណៃ តុលា

To Top