ព័ត៌មានអន្តរជាតិ

សារព័ត៌មានរដ្ឋ របស់កូរ៉េខាងជើង ៖ ប្រធានាធិបតីរុស្ស៊ី មានឆន្ទៈក្នុងការទៅបំពេញទស្សនកិច្ច នៅក្រុងព្យុងយ៉ាង ឆាប់ៗខាងមុខ

Kyodo

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង បានផ្សាយនៅថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានឆន្ទៈក្នុងការទៅបំពេញ ទស្សនកិច្ចនៅក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ក្នុងពេលឆាប់ៗនេះ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានផ្សាយថា លោក ពូទីន បានសម្តែងនូវ “អរគុណយ៉ាងជ្រាលជ្រៅ” ចំពោះការអញ្ជើញ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឱ្យមកបំពេញទស្សនកិច្ច នៅរដ្ឋធានីព្យុងយ៉ាង ក្នុងអំឡុងពេលជួបជាមួយ រដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង ដែលកំពុងបំពេញទស្សនកិច្ចរបស់ប្រទេសរុស្ស៊ី គឺលោកស្រី Choe Son Hui ។

ទីភ្នាក់ងារព័ត៌មាន KCNA បានផ្សាយថា រដ្ឋាភិបាលកូរ៉េខាងជើង “ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានាធិបតី ពូទីន មកកាន់ទីក្រុងព្យុងយ៉ាង ហើយត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍មិត្តជិតស្និទ្ធបំផុត របស់ប្រជាជនកូរ៉េ ដោយភាពស្មោះត្រង់បំផុត” ។

ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលអាចកើតឡើងមុនការបោះឆ្នោត ប្រធានាធិបតីរុស្ស៊ីក្នុងខែមីនា នឹងក្លាយជាដំណើរលើកដំបូង របស់លោក ចាប់តាំងពីខែកក្កដា ឆ្នាំ២០០០ នៅពេលដែលប្រទេសកូរ៉េខាងជើង ត្រូវបានដឹកនាំដោយឪពុករបស់លោក គីម គឺលោក គីម ជុងអ៊ីល ។

ប្រទេសទាំងពីររុស្ស៊ី-កូរ៉េខាងជើង បាននិងកំពុងពង្រឹង ទំនាក់ទំនង បន្ទាប់ពីការលុកលុយ របស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ។ មេដឹកនាំទាំងពីរបានជួបគ្នាកាលពីខែកញ្ញា ឆ្នាំមុន នៅឯមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Vostochny Cosmodrome នៅតំបន់ចុងបូព៌ារបស់រុស្សី ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា

To Top