ព័ត៌មានអន្តរជាតិ

រុស្ស៊ីតែងតាំង ជាបេសកជនថ្មី ប្រចាំប្រទេសជប៉ុន បន្ទាប់ពីទំនេររយៈពេល ១ឆ្នាំ

kyodo

តូក្យូ៖ ប្រទេសរុស្ស៊ី បានតែងតាំង លោក Nikolay Nozdrev ដែលជានាយកទទួលបន្ទុកប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីផ្សេងទៀត នៅក្រសួងការបរទេសរបស់ប្រទេសនេះ ជាឯកអគ្គរដ្ឋទូតថ្មី របស់ខ្លួនប្រចាំ ប្រទេសជប៉ុន ក្រោយតំណែងមួយនេះ បានបន្សល់ទុកនៅទំនេររយៈពេលមួយ ឆ្នាំចំពេលទំនាក់ទំនងកាន់តែតានតឹងបន្ទាប់ពីសង្គ្រាមរុស្ស៊ី លើអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើបញ្ជាមួយដាក់ឈ្មោះលោក Nozdrev ដែលស្ទាត់ជំនាញជាភាសាជប៉ុន ជាអ្នកស្នងតំណែង ពីលោក Mikhail Galuzin ដែលបានចាកចេញពីមុខតំណែងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានចាប់ផ្តើម នៅក្នុងខែកុម្ភៈ ឆ្នាំនោះ បាននាំឱ្យប្រទេសជប៉ុន ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង នឹងទីក្រុងម៉ូស្គូ ស្របតាមប្រទេសលោកខាងលិច។

លោក Nozdrev បានចូលក្រសួងការ បរទេសបន្ទាប់ពីបញ្ចប់ការសិក្សាពីវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូក្នុងឆ្នាំ១៩៩៤ ។ លោកក៏បានបម្រើការ ជាទីប្រឹក្សា នៅស្ថានទូតរុស្ស៊ី នៅប្រទេសអូស្ត្រាលីពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ ។

ឯកអគ្គរដ្ឋទូត​ជប៉ុន​ ប្រចាំ​ប្រទេស​រុស្ស៊ី លោក Akira Muto បាន​ឡើង​កាន់​តំណែង​រួច​ហើយ​កាល​ពី​ខែ​ធ្នូ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន។

ទំនាក់ទំនងទ្វេភាគីប្រែជាជូរចត់ បន្ទាប់ពីប្រទេសជប៉ុនបានចាត់វិធានការដាក់ទណ្ឌកម្ម ដូចជាការបង្កកទ្រព្យសម្បត្តិរបស់លោកពូទីន។ រុស្ស៊ី​ក៏​បាន​ចាត់​ទុក​ជប៉ុន​ជា​ប្រទេស​មិន​រាក់ទាក់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top