បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីមិនបានជួបពិភាក្សាណាមួយ ជាមួយអតីតប្រធានាធិបតី សហរដ្ឋអាមេរិក និងបច្ចុប្បន្ននេះជាមេដឹកនាំ ជួរមុខរបស់គណបក្សសាធារណរដ្ឋ នៅអាមេរិក GOP គឺលោក ដូណាល់ ត្រាំ អំពីការដោះស្រាយជម្លោះ អ៊ុយក្រែន នោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោក ដូណាល់ ត្រាំ មានឱកាសជាច្រើនដែលបានសន្យាថា លោកនឹងបញ្ចប់ការប្រយុទ្ធគ្នារវាងរដ្ឋជិតខាងរុស្ស៊ី-អ៊ុយក្រែន ដែលនឹងឈានចូលឆ្នាំទី៣ ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ ប្រសិនបើលោកត្រលប់ទៅការិយាល័យ Oval Office វិញ (ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក) ។
លោកក៏បានអះអាងផងដែរថា លោកនឹងអាចបញ្ចប់វិបត្តិនេះបានយ៉ាងឆាប់រហ័ស ដោយអង្គុយជាមួយប្រធានាធិបតីអ៊ុយក្រែន គឺលោក Vladimir Zelensky និងសមភាគីរុស្ស៊ីលោកប្រធានាធិបតី Vladimir Putin ហើយទាញយកអ្វីដែលលោកហៅថា ទាំងចំណុចខ្សោយ និងភាពខ្លាំងរបស់ពួកគេ។ អតីតប្រធានាធិបតីអាមេរិករូបនេះក៏មិនបានច្រានចោលលទ្ធភាពដែលអ៊ុយក្រែនអាចនឹងត្រូវប្រគល់ទឹកដីខ្លះទៅឲ្យរុស្ស៊ីដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពផងដែរ។
នៅពេលសួរអំពីអ្វីដែលវិមានក្រឹមឡាំងគិតដល់យុទ្ធនាការរបស់លោក ដូណាល់ ត្រាំ ដែលបានសន្យាថា នឹងបញ្ចប់ជម្លោះនោះ លោក Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានកត់សម្គាល់ថា ទីក្រុងម៉ូស្គូ “មិនដឹងថាតើនេះអាចសម្រេចបានដោយរបៀបណានោះទេ” ហើយថា “មិនមានការទាក់ទងលើបញ្ហានេះទេ៕
ប្រែសម្រួលៈ ណៃ តុលា