បរទេស៖ ប្រទេស កូរ៉េខាងជើង នៅថ្ងៃពុធនេះបានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រលឿង។ ដំណឹងនេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅលើឧបទ្វីបដោយសារតែការសាកល្បងអាវុធជាបន្តបន្ទាប់ដោយទីក្រុងព្យុងយ៉ាង និងល្បែងសង្គ្រាមរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅក្នុងតំបន់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងសេអ៊ូលនឹងត្រួតពិនិត្យរកមើលសញ្ញាបន្ថែមនៃការបាញ់បង្ហោះមីស៊ីលនេះ ដោយ “សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក” , នេះបើតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយដោយពណ៌នាការសាកល្បងថា ជា “ការបង្កហេតុ” ។
ការបាញ់ថ្មីនេះកើតឡើងតិចជាងពីរសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមប្រើឥន្ធនៈរឹង ជាមួយនឹងក្បាលគ្រាប់ដែលមានល្បឿនលឿនជាងសំឡេង។ ក្រោយមកទីក្រុងព្យុងយ៉ាងក៏បានសាកល្បង “ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក” ថែមទៀត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍កាលពីសប្តាហ៍មុន ដោយហៅការផ្លាស់ប្តូរនេះថា ជាការឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពជើងទឹកដែលធ្វើឡើងដោយកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដែលរួមមាននាវាផ្ទុកយន្តហោះ USS Carl Vinson ៕ ប្រែសម្រួលៈ ណៃ តុលា