ព័ត៌មានអន្តរជាតិ

យន្តហោះដឹកជញ្ជូនធុនធ្ងន់ របស់រុស្ស៊ី ដឹកអ្នកទោសសង្គ្រាម អ៊ុយក្រែន រាប់សិបនាក់ ធ្លាក់នៅតំបន់ព្រំដែន, អ្នកនៅលើយន្តហោះ ស្លាប់ទាំងអស់

Sputnik

បរទេស៖ ទីក្រុងមូស្គូបាននិយាយថា យន្តហោះដឹកជញ្ជូនធុនធ្ងន់ របស់រុស្ស៊ីមួយគ្រឿង ដឹកអ្នកទោសសង្គ្រាមអ៊ុយក្រែន រាប់សិបនាក់ (POWs) បានធ្លាក់ នៅតំបន់ Belgorod ជាប់ព្រំដែនអ៊ុយក្រែន។ មុននេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយថា អ្នកដំណើរ និងសមាជិកនាវិកទាំងអស់ នៅលើយន្តហោះ បានស្លាប់ទាំងអស់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅថ្ងៃពុធ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះដឹកទំនិញ IL-76 ដឹកសមាជិកសេវាកម្មអ៊ុយក្រែន ៦៥ នាក់ រួមទាំងសមាជិកនាវិក ៦ នាក់ និងមនុស្ស ៣ នាក់ដែលអមដំណើរអ្នកទោស សង្គ្រាមអ៊ុយក្រែន (POWs) បានធ្លាក់ក្នុងអំឡុងពេលហោះហើរដែលបានគ្រោងទុកនៅប្រហែលម៉ោង ១១ ព្រឹកម៉ោងក្នុងស្រុក។ សេចក្តីថ្លែងការណ៍បាន​បន្ថែម​ថា អ្នក​ទោស​កំពុង​ត្រូវ​បាន​គេ​ដឹក​ទៅ​តំបន់ Belgorod ដើម្បី​ជាការដោះ​ដូរ។

មន្ត្រីការពារជាតិក៏បានកត់ សម្គាល់ផងដែរថា ទីក្រុងម៉ូស្គូបានបញ្ជូនគណៈកម្មការមួយ ដើម្បីបង្កើតមូលហេតុ នៃឧប្បត្តិហេតុនេះផងដែរ។

ប៉ុស្តិ៍ Telegram 112 ដែលដកស្រង់ប្រភពមួយ បានរាយការណ៍មុននេះថា ការធ្លាក់យន្តហោះបានកើតឡើងនៅជិតភូមិ Yablonovo ចម្ងាយប្រហែល ៩០ គីឡូម៉ែត្រពីព្រំដែន។ ប៉ុស្តិ៍ Telegram 112 បាននិយាយថាមិនមានអ្នក រស់រានមានជីវិតទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top