ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ឲ្យដឹងថា មជ្ឈមណ្ឌលហ្វឹកហ្វឺន របស់អង្គការសហប្រជាជាតិ នៅទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ត្រូវបានវាយប្រហារ និងដុតបំផ្លាញកាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៩នាក់ ។
រថក្រោះពីរជុំបានវាយប្រហារអគារដែលផ្តល់ជម្រកដល់មនុស្ស ៨០០នាក់ ដោយបានសម្លាប់មនុស្សយ៉ាងតិចប្រាំបួននាក់ និង ៧៥នាក់ផ្សេងទៀតរងរបួស។ នេះបើតាមលោក Thomas White នាយកទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) នៅទីក្រុងហ្គាហ្សា។
លោកបានបន្ថែមថា ក្រុមជួយសង្គ្រោះមកពី UNRWA និងអង្គការសុខភាពពិភពលោកកំពុងព្យាយាមទៅដល់មជ្ឈមណ្ឌលនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់កាសែតស៊ិនហួឲ្យដឹងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ភាគខាងលិចនៃ Khan Younis បានបង្កឱ្យមានអគ្គីភ័យដ៏ធំមួយនៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺន។
ពួកគេបានឲ្យដឹងថា ប្រជាពលរដ្ឋបានផ្លាស់ប្តូរអ្នកស្លាប់ និងរបួសជាច្រើននាក់ពីខាងក្នុងមជ្ឈមណ្ឌលទៅខាងក្រៅ ខណៈដែលភ្លើងបានឆាបឆេះផ្នែកធំនៃអគារ។ សាក្សីបានឲ្យដឹងថា រថយន្តសង្គ្រោះ និងក្រុមគ្រូពេទ្យមិនអាចទៅដល់មជ្ឈមណ្ឌលឆេះបានទេ ដោយសារតែការឡោមព័ទ្ធដាក់ដោយកងកម្លាំងអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា