ព័ត៌មានអន្តរជាតិ

ក្រុម Houthi យេម៉ែនអះអាងថា បានចាប់ផ្តើមការវាយប្រហារ ដោយមីស៊ីល ទៅលើនាវាពាណិជ្ជកម្ម របស់អាមេរិក

AFP

សានណា ៖ ក្រុម Houthi របស់ប្រទេសយេម៉ែនបាននិយាយថា ខ្លួនបានវាយប្រហារនាវាចម្បាំង អាមេរិកកាលពីថ្ងៃពុធនៅក្នុងឈូងសមុទ្រ Aden និងច្រកសមុទ្រ Bab al-Mandab នេះបើយោងតាមសេចក្តីថ្លែងការណ៍ ជាវីដេអូពីអ្នកនាំពាក្យរបស់ក្រុមនេះ។

លោក Yahya Sarea អ្នកនាំពាក្យយោធា Houthi បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន និងជាការឆ្លើយតបទៅនឹង ការឈ្លានពានរបស់អាមេរិក-អង់គ្លេស ប្រឆាំងនឹង ប្រទេសរបស់យើង យើងបានចូលរួមនៅថ្ងៃនេះ នៅក្នុងការប៉ះទង្គិចជាមួយនាវាពិឃាត និងនាវាចម្បាំងរបស់កងទ័ពជើងទឹក អាមេរិកជាច្រើននៅឈូងសមុទ្រ Aden និងច្រកសមុទ្រ Bab al-Mandab ខណៈដែលពួកគេកំពុងការពារ ទំនិញពាណិជ្ជកម្មអាមេរិកចំនួនពីរ ។

លោក Sarea បានបន្ថែមថា មីស៊ីល របស់ក្រុម Houthi បានវាយប្រហារដោយផ្ទាល់លើនាវាចម្បាំងអាមេរិក ហើយបានបង្ខំឱ្យនាវាពាណិជ្ជកម្ម អាមេរិកទាំងពីរ “ដកថយពីការចូលសមុទ្រក្រហម” ។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយ នៅលើ X ដែលជាអតីត Twitter ថាក្រុម Houthis បានវាយប្រហារកប៉ាល់ ពាណិជ្ជកម្មដែលមានទង់ជាតិ សហរដ្ឋអាមេរិកជាមួយនឹង កាំជ្រួចប្រឆាំងនាវានៅម៉ោងប្រហែល ២ រសៀល។

ប្រភពបានឲ្យដឹងថា នាវា USS Gravely ដែលជានាវាពិឃាតមីស៊ីលនាំផ្លូវបានបាញ់ទម្លាក់កាំជ្រួចចំនួនពីរ ហើយគ្រាប់ទី៣ បានធ្លាក់ទៅក្នុងសមុទ្រ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top