ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ច្រានចោលការអះអាង របស់ទីក្រុងមូស្គូដែលថា ប្រព័ន្ធការពារដែនអាកាស ទីក្រុងគៀវ បាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលដឹកអ្នកទោស សង្គ្រាមអ៊ុយក្រែន ៦៥ នាក់

AFP

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធ បានបង្ហាញការមិនយល់ស្របនឹងការអះអាងរបស់ទីក្រុងមូស្គូ ដែលថា ប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងគៀវ បានបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលដឹកអ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ៦៥ នាក់ ដែលគ្រោងនឹងធ្វើការផ្លាស់ប្តូរគ្នា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះដឹកជញ្ជូនយោធា Il-76 បានដឹកជញ្ជូនឈ្លើយសឹកអ៊ុយក្រែនចំនួន ៦៥នាក់ នៅពេលដែលយន្តហោះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលអ៊ុយក្រែន ពីលើតំបន់ Belgorod។ សមាជិកនាវិករុស្ស៊ី ៦ នាក់ និងមន្ត្រី ៣ នាក់ក៏នៅលើយន្តហោះដែរ និង មិនមានអ្នករស់រានមានជីវិតនោះទេ។

លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងវីដេអូមួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់លោកថា “យើងត្រូវកំណត់ការពិត ឱ្យបានច្បាស់លាស់ទាំងអស់ – តាមដែលអាចធ្វើទៅបាន ដោយសារយន្តហោះបានធ្លាក់នៅលើទឹកដីរុស្ស៊ី” ។

លោកបានបន្ថែមថា អាជ្ញាធរអ៊ុយក្រែនកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ ហើយកំពុងធ្វើការដើម្បី «កំណត់ជោគវាសនារបស់ឈ្លើយសឹកអ៊ុយក្រែន (POWs) ទាំងអស់»។

លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា “ប្រទេសរបស់យើងនឹងទទូចឱ្យមានការស៊ើបអង្កេតអន្តរជាតិ” ដោយចោទប្រកាន់ទីក្រុងម៉ូស្គូថា “លេងសើចជាមួយជីវិត របស់ឈ្លើយសឹកអ៊ុយក្រែន ថាជារឿងមិនសំខាន់” ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោកមិនបានបញ្ចេញឈ្មោះ ពិរុទ្ធជនក្នុងការបំផ្លាញយន្តហោះ IL-76 នោះទេ។

ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាច្រើនរបស់អ៊ុយក្រែន ដើមឡើយបានដកស្រង់ប្រភពដោយនិយាយថា យន្តហោះនេះកំពុង “ដឹកជញ្ជូនមីស៊ីល” ហើយត្រូវបានបាញ់ទម្លាក់ដោយទាហានអ៊ុយក្រែន។ ពួកគេបានលុបរបាយការណ៍ដើមរបស់ពួកគេភ្លាមៗ បន្ទាប់ពីរុស្ស៊ីបានបង្ហាញថា យន្តហោះកំពុងដឹកឈ្លើយសឹក ជនជាតិអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា

To Top