បរទេស៖ សហរដ្ឋអាមេរិក បានអំពាវនាវឱ្យកូរ៉េខាងជើងអត់ធ្មត់ពីសកម្មភាពបង្កអស្ថិរភាពបន្ថែមទៀត និងឱ្យវិលត្រឡប់ទៅរកការភ្ជាប់ទំនាក់ទំនងការទូតវិញ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនកាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បានប្រាប់ VOA ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ខណៈដែលបដិសេធមិនផ្តល់ការវាយតម្លៃរបស់អាមេរិកចំពោះចេតនារបស់កូរ៉េខាងជើងថា “យើងរកឃើញថា សកម្មភាព មានគ្រោះថ្នាក់មិនគួរឱ្យជឿ” ។
ការបាញ់បង្ហោះមីស៊ីលចុងក្រោយនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលរយៈចម្ងាយមធ្យមប្រើឥន្ធនៈរឹង ដែលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ចូលទៅក្នុងដែនទឹករវាងឧបទ្វីបកូរ៉េ និងជប៉ុន។
លោក Patel បានបន្ថែមថា “យើងគ្មានចេតនាបង្កអរិភាពចំពោះកូរ៉េខាងជើងទេ ហើយបន្តបើកទូលាយចំពោះការទូតដោយគ្មានលក្ខខណ្ឌជាមុន”។ លោក Patel បានសំដៅទៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលជាឈ្មោះផ្លូវការរបស់កូរ៉េខាងជើង។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានរិះគន់កូរ៉េខាងត្បូងយ៉ាងខ្លាំង ដោយពិពណ៌នាទំនាក់ទំនងអន្តរកូរ៉េថាជាទំនាក់ទំនងរវាង “រដ្ឋទាំងពីរមានអរិភាពចំពោះគ្នាទៅវិញទៅមក”៕ ប្រែសម្រួលៈ ណៃ តុលា