បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានហាមឃាត់ជាបណ្ដោះអាសន្ន ក្រុមហ៊ុន Boeing ពីការពង្រីកការផលិតយន្តហោះ 737 MAX របស់ខ្លួនបន្ថែម ដោយលើកឡើងពីកង្វល់សុវត្ថិភាពអ្នកដំណើរ។ ការសម្រេចចិត្តនេះកើតឡើងដោយសារឧបទ្ទវហេតុផ្ទុះមួយក្នុងខែមករា ដែលយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនបានបាត់បង់បំណែកតួយន្តហោះនៅកណ្តាលអាកាស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែមករា ជើងហោះហើរ Alaska Airlines ជើងហោះហើរលេខ 1282 ដែលធ្វើដំណើរពីទីក្រុង Portland រដ្ឋ Oregon ទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានបង្ខំឱ្យត្រលប់មកវិញ ហើយធ្វើការចុះចតជាបន្ទាន់ភ្លាមៗបន្ទាប់ពីការហោះឡើង ក្រោយពីបន្ទះទ្វារមួយរបស់យន្តហោះត្រូវបានហែកចេញ ។ ខណៈពេលដែលឧបទ្ទវហេតុមិនបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ធ្ងរ , FAA បានផ្អាកការហោះហើររបស់យន្តហោះ Boeing 737-9 MAX ចំនួន ១៧១គ្រឿង ដើម្បីធ្វើការពិនិត្យឱ្យបានម៉ត់ចត់។ ក្រុមហ៊ុន Boeing ខ្លួនឯង ក៏បានទទួលស្គាល់ថា មាន “កំហុស” ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ និយតករអាកាសចរណ៍អាមេរិកបានសង្កត់ធ្ងន់ថា ឧប្បត្តិហេតុនៅទីក្រុង Portland “ មិនត្រូវកើតឡើងម្តងទៀតឡើយ”។ FAA បានបន្ថែមថា ខ្លួនបានជូនដំណឹងដល់ក្រុមហ៊ុន Boeing ថា ” Boeing នឹងមិនផ្តល់ការពង្រីកការផលិតកម្មណាមួយនៃយន្តហោះប្រភេទ MAX រួមទាំង 737-9 MAX” ដោយបន្ថែមថា យន្តហោះដែលផ្អាកការហោះហើរទាំងអស់នឹងឆ្លងកាត់ដំណើរការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដោយ និយតករអាកាសចរណ៍អាមេរិក សន្យាថា យន្តហោះនឹងអាចហោះហើរវិញបាននៅពេលការត្រួតពិនិត្យត្រូវបានបញ្ចប់៕ ប្រែសម្រួលៈ ណៃ តុលា