ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់ បន្ទាប់ពីយន្តហោះ ដឹកជញ្ជូនយោធារុស្ស៊ី ធ្លាក់នៅជិតព្រំដែន រុស្ស៊ី-អ៊ុយក្រែន ស្លាប់ ៧៤នាក់

VOA

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្តហោះដឹកជញ្ជូនយោធារុស្ស៊ី បានធ្លាក់នៅជិតព្រំដែនរុស្ស៊ី-អ៊ុយក្រែន ខណៈដែលទាំងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែនអំពាវនាវ ឱ្យមានការស៊ើបអង្កេត។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ភាគីរុស្ស៊ីបានចោទ ប្រកាន់អ៊ុយក្រែនថា បានបាញ់ទម្លាក់យន្តហោះដែលបានធ្លាក់កាលពីថ្ងៃពុធនៅក្នុងតំបន់ Belgorod ។ រុស្ស៊ីបាននិយាយថា យន្តហោះនេះដឹកមនុស្ស ៧៤នាក់ រួមទាំងអ្នកទោស សង្គ្រាមអ៊ុយក្រែន ៦៥នាក់ ដែលត្រូវជាផ្នែកមួយ នៃការដោះដូរអ្នកទោស។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដែលកំពុងស្ថិតនៅទីក្រុងញូវយ៉ក ក្នុងសប្តាហ៍នេះ ចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ បានចោទប្រកាន់អ៊ុយក្រែនថា បានអនុវត្ត “ការវាយប្រហារភេរវកម្ម” ។

លោក Lavrov បានប្រាប់អ្នកយកព័ត៌មានថា “អ្នកទោសសង្គ្រាមអ៊ុយក្រែន ត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ Belgorod ដើម្បីធ្វើការដោះដូរមួយផ្សេងទៀត ដែលត្រូវបានព្រមព្រៀងគ្នារវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ” ។ “ជំនួសឱ្យការនេះ ភាគីអ៊ុយក្រែនបានបាញ់កាំជ្រួច ចេញពីប្រព័ន្ធការពារដែនអាកាសចេញពីតំបន់ Kharkiv ដោយបានតម្រង់គោលដៅ លើយន្តហោះ ហើយជាការវាយប្រហារបណ្តាល ឱ្យមានសោកនាដកម្មនេះកើតឡើង” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top