អង់ការ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា ប៉ូលិសតួកគី បានឃាត់ខ្លួន ជនសង្ស័យចំនួន២៨នាក់ដែលមានទំនាក់ទំនងនឹងក្រុមរដ្ឋឥស្លាម ហៅកាត់ថា (IS) ។ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរសារនៅលើបណ្តាញ X ដែលពីមុនជាស្គាល់ថា បណ្តាញសង្គម Twitter ដូច្នេះ ។
លោកបានលើកឡើងថា ក្រុមប៉ូលិសបានរឹបអូសរូបិយ ប័ណ្ណបរទេសមួយចំនួនធំ និងកាក់របស់ប្រទេសតួកគី នៅក្នុងអំឡុងពេលវាយឆ្មក់ក្នុង ពេលដំណាលគ្នានេះ ។
លោកបានថ្លែងទៀតថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងខេត្ត Sakarya, Denizli, Ankara, Adana, Duzce, Bursa, Gaziantep, Istanbul និងខេត្ត Yalova ។
ខ្សែវីដេអូបានបង្ហោះនៅលើបណ្តាញសង្គម X របស់លោករដ្ឋមន្ត្រីតួកគី បានបង្ហាញពីប៉ូលិសដែលបានចូលទៅក្នុងផ្ទះល្វែង និងអគារ ហើយចាប់បញ្ជូនជនសង្ស័យចូលទៅក្នុងរថយន្ត ។
រដ្ឋាភិបាលតួកគី បានចាត់តាំងក្រុម IS ជាអង្គការភេរវករ នៅក្នុងឆ្នាំ២០១៣ ហើយបានស្តីបន្ទោសទៅលើ ក្រុមនេះចំពោះការវាយប្រហារដ៏សាហាវ នៅក្នុងប្រទេសតួកគី ចាប់តាំងពីឆ្នាំ២០១៥ ។
គួររំលឹកថា កាលពីខែធ្នូ ឆ្នាំមុន កម្លាំងចារកម្ម និង សន្តិសុខតួកគី បានចាប់ខ្លួនភេរវករ IS កំពូលម្នាក់ដែលទទួល បន្ទុកផ្នែកហិរញ្ញវត្ថុរបស់ក្រុមនៅក្នុងប្រតិបត្តិការមួយនៅក្នុងខេត្ត Mersin ស្ថិតភាគអាគ្នេយ៍នៃប្រទេសតួកគី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា