ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន អស់តិចបំផុតចំនួន២០នាក់ដែលពួកគេកំពុងរង់ចាំជំនួយនៅជិតទីលានប្រទេសគុយវ៉ែត ដែលជាផ្លូវប្រសព្វដ៏សំខាន់ក្នុងទីក្រុងហ្គាហ្សា ។
លោក Ashraf al-Qidra អ្នកនាំពាក្យមកពីក្រសួងខាងលើបានឲ្យដឹងថា ពលរដ្ឋចំនួន១៥០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ដោយបន្ថែមទៀតថា ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងថែមទៀត ខណៈពលរដ្ឋជាច្រើននាក់ដែលរងរបួសធ្ងន់ធ្ងរ ដែលត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Al-Shifa របស់ទីក្រុងនេះ ហើយការព្យាបាលមានការលំបាក ដោយសារសមត្ថភាពពេទ្យនៅមានកម្រិតនៅមន្ទីរពេទ្យនោះ ។
បើតាមការលើកឡើងរបស់សាក្សីដែលបានឃើញផ្ទាល់ភ្នែកក៏បានបញ្ជាក់ប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កងទ័ពអ៊ីស្រាអ៊ែល បានបាញ់គ្រាប់កាំភ្លើង និងគ្រាប់ផ្លោងទៅកាន់កន្លែងប្រមូលផ្តុំរបស់អ្នកស្រុក ហ្គាហ្សា ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា