ហ្គាហ្សា ៖ ក្រសួងសុខភាព ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២៥,៩០០ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ២០០នាក់ និងរបួសចំនួន ៣៧០នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ប្រភពបានបន្ថែមថា ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្តបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៤,១១០ រងរបួស ដោយកត់សម្គាល់ថា ជនរងគ្រោះមួយចំនួនធំនៅតែស្ថិតនៅក្រោមគំនរបាក់បែក ខណៈដែលរថយន្តសង្គ្រោះ និងក្រុមការពារស៊ីវិលមិនអាចទៅដល់ពួកគេ។
កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឱ្យអ្នកស្រុកនៃទីក្រុង Khan Younis ភាគខាងត្បូងជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដើម្បីត្រៀមខ្លួន សម្រាប់ការទម្លាក់គ្រាប់បែកដែលនឹងមកដល់។
ប្រភពក្នុងតំបន់បានឲ្យដឹងថា អ្នកស្រុកជាង ៦ម៉ឺននាក់ ស្ថិតនៅក្រោមការគំរាមកំហែង នៃការជម្លៀសចេញពីទីក្រុង Khan Younis ហើយពួកគេជាច្រើនបានចាប់ផ្តើមជម្លៀសរួចហើយ ដើម្បីគេចចេញពីប្រតិបត្តិការ របស់អ៊ីស្រាអែល ដែលរំពឹងទុកនៅក្នុងតំបន់នោះ។
ទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប បានធ្វើជាសាក្សីក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ នូវការវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ដែលត្រូវបានចាត់ទុកថា ជាការវាយប្រហារដ៏សាហាវបំផុត ចាប់តាំងពីការប្រយុទ្ធបាន ចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នេះបើយោងតាមសាក្សី ដែលបានឃើញផ្ទាល់ភ្នែក ៕
ប្រែសសម្រួល ឈូក បូរ៉ា