ព័ត៌មានអន្តរជាតិ

កងកម្លាំងសន្តិសុខរុស្ស៊ី ចាប់ខ្លួនចារកម្មអ៊ុយក្រែន ២នាក់

AFP

បរទេស៖ ការិយាល័យសារព័ត៌មានរបស់ស្ថាប័ននេះ បានបង្ហាញកាលពីថ្ងៃសុក្រថា ទីភ្នាក់ងារសន្តិសុខរបស់រុស្ស៊ី ឬFSB បានចាប់ខ្លួនបុរសពីរនាក់ ដោយសង្ស័យថាបានធ្វើការឱ្យ សេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន។

ជនសង្ស័យ​ត្រូវ​បាន​គេ​ចោទ​ថា​ បាន​ប្រមូល​ព័ត៌មាន​អំពី​ទីតាំង និង​អង្គភាព​យោធា​របស់​រុស្ស៊ី ហើយ​ចែករំលែក​វា​ ជាមួយ​តំណាង​របស់​ក្រុង​គៀវ ជា​ថ្នូរ​នឹង​ប្រាក់។

ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការយោធា របស់ទីក្រុងមូស្គូប្រឆាំងនឹង ប្រទេសជិតខាងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ទីភ្នាក់ងារFSB បានរាយការណ៍ថា បានចាប់ខ្លួនជនសង្ស័យរាប់សិបនាក់ ទាំងជនជាតិរុស្ស៊ី និងអ៊ុយក្រែន ដែលត្រូវបានគេជឿថា បានធ្វើចារកម្មសម្រាប់ទីក្រុងគៀវ ឬធ្វើសកម្មភាពបំផ្លិចបំផ្លាញ ឬការវាយប្រហារភេរវកម្មលើ ទឹកដីរុស្ស៊ី។

នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយកាលពីថ្ងៃសុក្រ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរបស់រុស្ស៊ីបាននិយាយថា ការចាប់ខ្លួនចុងក្រោយនេះ បានកើតឡើងនៅក្នុងទីក្រុង Rostov-on-Don ដែលមានទីតាំងនៅមិនឆ្ងាយប៉ុន្មាន ពីព្រំដែនជាមួយអ៊ុយក្រែន។ FSB បានបន្ថែមថា ជនសង្ស័យទាំងពីរនាក់ ដែលជាជនជាតិរុស្សី ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិខ្ពស់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top