បរទេស៖ គណៈវិនិច្ឆ័យមួយរបស់អាមេរិក បានបញ្ជាឱ្យអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បង់ប្រាក់សំណងចំនួន ៨៣,៣ លានដុល្លារដល់អ្នកនិពន្ធ ហើយក៏ជាអ្នកសារព័ត៌មាន គឺលោកស្រី E. Jean Carroll សម្រាប់ការអត្ថាធិប្បាយបង្ខូចកេរ្តិ៍ឈ្មោះដែលលោក ដែលបានធ្វើទៅលើនាងនៅពេល លោកធ្វើជាប្រធានាធិបតី។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី Carroll បានប្តឹងលោក Trump ក្នុងឆ្នាំ ២០១៩ សម្រាប់ការប្រមាថលើការអះអាងរបស់នាងដែលថា លោកបានរំលោភផ្លូវភេទលើរូបនាង នៅក្នុងបន្ទប់សំលៀកបំពាក់ហាងមួយក្នុងឆ្នាំ ១៩៩០ ។ នាងបានប្តឹងលោក Trump ជាមួយនឹងសំណងយ៉ាងហោចណាស់ ១០ លានដុល្លារពី លោក Trump ដោយលើកហេតុផលថា លោក Trump បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់នាងជាអ្នកកាសែត។
សាលក្រមត្រូវបានប្រកាស កាលពីថ្ងៃសុក្រដោយគណៈវិនិច្ឆ័យដែលមានគ្នា ៩នាក់ក្នុងទីក្រុងញូវយ៉កដែលមាន បុរសប្រាំពីរនាក់និងស្ត្រីពីរនាក់។ គណៈវិនិច្ឆ័យបានចំណាយពេលប្រហែល 3 1/2 ម៉ោងដើម្បីឈានដល់ការសម្រេចរបស់ខ្លួន។
លោក Trump បានយកសាក្សីនៅថ្ងៃព្រហស្បតិ៍ ដើម្បីការពារខ្លួនប្រឆាំងនឹងការចោទប្រកាន់នេះ។ លោកបានផ្តល់សក្ខីកម្មថា លោកនៅតែប្រកាន់ជំហរដូចការ លើកឡើងរបស់លោកនៅឆ្នាំ ២០១៩ ដែលលោកបានចាត់ទុក ការចោទប្រកាន់របស់ Carroll ថា មិនពិត ៕
ប្រែសម្រួលៈ ណៃ តុលា