សាណា៖ ប្រជាជនយេម៉ែនរាប់ម៉ឺននាក់ ដែលគាំទ្រក្រុម Houthi បានតវ៉ាកាលពីថ្ងៃសុក្រក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដោយបដិសេធការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក-អង់គ្លេស លើមន្ត្រីជាន់ខ្ពស់ Houthi និងបានបរិហារការវាយប្រហារតាមអាកាសទៅលើភាគខាងជើងប្រទេសយេម៉ែន។
អ្នកចូលរួមបានគ្រវីទង់ជាតិប៉ាឡេស្ទីន-យេម៉ែន កាន់បដាដែលមានរូបភាពមេដឹកនាំ Houthi និងស្រែកពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Hatem al-Mahaqri ជាបាតុករម្នាក់បានឲ្យដឹងថា ពួកគេបានមកឈរក្បែរប្រជាជន ដែលត្រូវគេជិះជាន់នៅហ្គាហ្សា និងចែករំលែកការឈឺចាប់របស់ពួកគេ។ “ការចូលរួមរបស់យើងបង្ហាញពីជំហរដ៏ខ្ជាប់ខ្ជួនរបស់យើង លើបញ្ហាប៉ាឡេស្ទីន និងបងប្អូនរបស់យើងនៅតំបន់ហ្គាហ្សា”។
កាលពីព្រឹកថ្ងៃសុក្រ លោក Yahya Sarea អ្នកនាំពាក្យយោធា Houthi បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងនាវាចររបស់ពួកគេបានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅកាន់នាវាដឹកប្រេងរបស់អង់គ្លេស Marlin Luanda នៅឈូងសមុទ្រ Aden បណ្តាលឱ្យមានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ។
សហរដ្ឋអាមេរិកបានកំណត់ក្រុម Houthi ជាថ្មីថាជា “ភេរវករសកល ដែលបានកំណត់ជាពិសេស” កាលពីថ្ងៃទី១៧ ខែមករា ដែលជាទង្វើដែលក្រុមនេះត្រូវបានច្រានចោលថា មានហេតុផលនយោបាយ៕ ប្រែសម្រួល ឈូក បូរ៉ា