បាកដាដៈ ក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ជាកងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានប្ដេជ្ញាថា នឹងបន្តការវាយប្រហារលើមូលដ្ឋានយោធា ដែលមានមូលដ្ឋានទ័ពអាមេរិករហូតដល់ទាហានអាមេរិកទាំងអស់ចាកចេញពីប្រទេស ដោយបដិសេធសំណើគណៈកម្មការអាមេរិក-អ៊ីរ៉ាក់ដើម្បីត្រួតពិនិត្យ “ការផ្លាស់ប្តូរ” នៃភាពជាដៃគូសន្តិសុខទ្វេភាគី។
នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ិនធឺណិត ក្រុមដែលបានអះអាងការវាយប្រហាររាប់សិបលើកលើមូលដ្ឋានទ័ពនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិកថាជា “យុទ្ធសាស្ត្របោកបញ្ឆោត” ដែលត្រូវបានរចនាឡើងដើម្បីទិញពេលវេលាបន្ថែមទៀត សម្រាប់កងទ័ពរបស់ខ្លួន ដើម្បីអនុវត្តឧក្រិដ្ឋកម្មបន្ថែមទៀត ដើម្បីធ្វើបាបប្រទេសអ៊ីរ៉ាក់”។
ក្រុមនេះបានចោទប្រកាន់សហរដ្ឋអាមេរិកពីការមិនអើពើនឹងការទាមទារជាយូរមកហើយពីសភាអ៊ីរ៉ាក់និងសាធារណៈជន សម្រាប់ការដកខ្លួនទាំងស្រុងដោយអះអាងថា ខ្លួនបានបិទបាំង “របៀបវារៈព្យាបាទ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់”។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសអ៊ីរ៉ាក់បានប្រកាសពីចេតនារបស់ខ្លួនក្នុងការ “បង្កើតកាលវិភាគជាក់លាក់ និងច្បាស់លាស់” សម្រាប់ការកាត់បន្ថយបន្តិចម្តងៗនូវវត្តមានរបស់ទីប្រឹក្សាចម្រុះអន្តរជាតិនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនាំទៅដល់ការបញ្ចប់បេសកកម្មរបស់សម្ព័ន្ធអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក។
នេះស្របនឹងសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានសង្កត់ធ្ងន់ថា ការពិភាក្សានឹងផ្តោតលើ “ការផ្លាស់ប្តូរទៅជាភាពជាដៃគូសន្តិសុខទ្វេភាគីយូរអង្វែង” រវាងប្រទេសទាំងពីរ៕ ប្រែសម្រួល ឈូក បូរ៉ា