បរទេស៖កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់សម្តីមនុស្សបីនាក់ដែលមិនបញ្ចេញឈ្មោះដែលដឹងអំពីផែនការនេះ ថាអតីតប្រធានាធិបតីអាមេរិកលោក Donald Trump នឹងធ្វើការដាក់ពន្ធដល់ទៅ៦០ភាគរយលើការនាំចូលទាំងអស់ពីប្រទេសចិនប្រសិនបើគាត់ឈ្នះការបោះឆ្នោតនៅឆ្នាំនេះ។
អ្នកសេដ្ឋកិច្ចមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋបានប្រាប់កាសែតថា វិធានការនេះនឹងបង្កឱ្យមានការរំខានធំៗដល់សហរដ្ឋអាមេរិក និងសេដ្ឋកិច្ចជុំវិញពិភពលោក ដែលនឹងលើសពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មដែលផ្តួចផ្តើមដោយលោក Trump ក្នុងអំឡុងអាណត្តិប្រធានាធិបតីដំបូងរបស់លោក។
ក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតីបច្ចុប្បន្នរបស់គាត់ លោក Trump បានសន្យាថានឹងដកហូតឋានៈរបស់ប្រទេសចិនជាប្រទេសដែលពេញចិត្តបំផុតឬMost favored nationសម្រាប់ពាណិជ្ជកម្ម។
គួរឲ្យដឹងដែរថាប្រទេសចិនជាប់ចំណាត់ថ្នាក់លេខបីក្នុងបញ្ជីដៃគូពាណិជ្ជកម្មរបស់អាមេរិកច្រើនបំផុតបន្ទាប់ពីម៉ិកស៊ិក និងកាណាដាហើយកាលពីនៅក្នុងខែវិច្ឆិកា ទីក្រុងប៉េកាំងមានចំណែកដល់ទៅ១១,៧ភាគរយ នៃពាណិជ្ជកម្មបរទេសសរុបរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី