ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់ របបយោធាមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសឡាវ ក្នុងនាមតំណាង មិនមែននយោបាយ

kyodo

តូក្យូ ៖ ប្រភពការទូតបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅប្រទេសឡាវ ក្នុងនាមជាអ្នកតំណាងមិននយោបាយ។

ការចូលរួមរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស នៅក្នុងកិច្ចប្រជុំនៅទីក្រុងហ្លួងប្រាបាង ដែលបានចាប់ផ្តើម កាលពីថ្ងៃអាទិត្យកើតឡើង នៅមុនខួបលើកទី៣ នៃរដ្ឋប្រហារយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ របស់ប្រទេសមីយ៉ាន់ម៉ា របស់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។

ប្រទេសមីយ៉ាន់ម៉ា បានធ្វើពហិការមិនចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីចាប់តាំងពីសមាជិកអាស៊ាន បានសម្រេចចិត្តក្នុងខែតុលា ឆ្នាំ២០២១ ដើម្បីអនុញ្ញាតឱ្យមានតែតំណាង មិននយោបាយមកពីប្រទេសចូលរួម ។

ប្រធាន​អាស៊ាន​ឆ្នាំ​នេះ ឡាវ មាន​ឆន្ទៈ​ចូលរួម​ជាមួយ​របប​យោធា​មីយ៉ាន់ម៉ា។ ដំបូងឡើយ របបយោធាបានស្វែងរកមន្ត្រីជាន់ខ្ពស់ ដូចជារដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ចូលរួមកិច្ចប្រជុំ ប៉ុន្តែផែនការនេះត្រូវបានសមាជិកអាស៊ានបដិសេធ។

របប​យោធា​បាន​បង្ក្រាប​ក្រុម​បាតុករ ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ហិង្សា ប៉ុន្តែ​ការ​ប្រយុទ្ធ​គ្នា​រវាង​របប​នេះ និង​ក្រុម​ជនជាតិ​បាន​កាន់​តែ​ខ្លាំង​ឡើង​តាំង​ពី​ខែ​តុលា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top