ព័ត៌មានអន្តរជាតិ

រយៈពេល ៤៨ម៉ោង ទាហាន​អ៊ីស្រាអែល ​សម្លាប់​មនុស្ស​ជាង ៣៥០​នាក់​នៅ​ក្រុង Khan Younis នៃ​តំបន់​ហ្គាហ្សា​

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៥០នាក់ក្នុងរយៈពេល ៤៨ ម៉ោងកន្លងមកនេះនៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្រុមគ្រូពេទ្យមិនអាចទៅដល់សាកសពរាប់សិបនាក់ ដែលនៅរាយប៉ាយតាមដងផ្លូវនោះទេ ដោយកត់សម្គាល់ថាអ្នកស្រុកត្រូវបញ្ចុះសពនៅក្នុងទីធ្លានៃមន្ទីរពេទ្យ Nasser ក្នុងទីក្រុង ដោយសារពួកគេមិនអាចយកសាកសពទៅកាន់ទីបញ្ចុះសពនៅក្នុងទីក្រុង Khan Younis បាននោះទេ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មន្ទីរពេទ្យ Nasser ពោរពេញទៅដោយកាកសំណល់វេជ្ជសាស្ត្រ ដោយសារតែការរារាំងដោយកងទ័ពអ៊ីស្រាអែល ដោយកត់សម្គាល់ថាយ៉ាងហោចណាស់អ្នករបួស និងឈឺចំនួន ៧,០០០ នាក់នៅក្នុងរង្វង់នេះ គឺត្រូវការការព្យាបាលសង្គ្រោះជីវិតជាបន្ទាន់។

សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការថយចុះការផ្គត់ផ្គង់អុកស៊ីសែននៅមន្ទីរពេទ្យ Al-Amal ក្នុងទីក្រុង Khan Younis ចំពេលមានការឡោមព័ទ្ធដែលកំពុងបន្តដោយកងកម្លាំងអ៊ីស្រាអែល ដែលបានបង្កការលំបាកដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យដើម្បីធ្វើប្រតិបត្តិការវះកាត់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top