ពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានផ្សាយដំណឹងអំពីភាពជាប់គាំង ដែលសហគ្រាសផលិត រថយន្តកូរ៉េខាងត្បូងជួបប្រទះ ។ ស្របពេលដែលរដ្ឋាភិបាលអាមេរិក បន្តបង្កើនការគ្រប់គ្រង ចំពោះការនាំចេញ ទៅកាន់ប្រទេសចិន ដោយឥតឈប់ឈរ សហគ្រាសផលិត រថយន្តកូរ៉េខាងត្បូង ដែលពឹងផ្អែកយ៉ាងខ្លាំង លើសម្ភារៈអាគុយ របស់ប្រទេសចិន កំពុងធ្លាក់ក្នុងភាពលំបាក ។ ក្រុមហ៊ុនអាមេរិកTeslaក៏បានជួបប្រទះបញ្ហាដូចគ្នាដែរ។ ដោយសារតែ ការផលិត អាគុយចំនួនធំ សម្រាប់រថយន្តដើរដោយ ថាមពលអគ្គិសនីថ្មី Cybertruck បានធ្លាក់ចូលសភាព ជាប់គាំង ក្រុមហ៊ុនTesla មានតែងាកទៅសុំការគាំទ្រ ពីផលិតកររបស់ប្រទេសចិន ជាបន្ទាន់ដែលសង្ឃឹមថា អាចទទួលបានការគាំទ្រ ខាងគ្រឿងបន្លាស់អាគុយ។
ព្រមពេលជាមួយគ្នានេះ លោកTate Reeves អភិបាលរដ្ឋMississippi អាមេរិកក៏បានផ្សព្វផ្សាយ ក្នុងកាលៈទេសៈ ផ្សេងៗគ្នា អំពីគម្រោង អភិវឌ្ឍសេដ្ឋកិច្ចធំទីពីរ ក្នុងប្រវត្តិសាស្ត្រ ដែលរដ្ឋខ្លួនទើបអនុម័តផងដែរ ៖សហគ្រាសចំនួនបួននឹង ចំណាយប្រាក់ចំនួន១៩០០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រអាគុយ ក្នុងនោះសហគ្រាសផលិតថ្ម ដែលមកពីប្រទេសចិន កាន់ភាគហ៊ុន១០ភាគរយ ។
ពីសហគ្រាសកូរ៉េខាងត្បូង ដល់សហគ្រាសអាមេរិក ពីរដ្ឋាភិបាល ដល់មជ្ឈដ្ឋានពាណិជ្ជកម្ម សុទ្ធតែបានបញ្ចេញ ព័ត៌មានបែបនេះថា៖ ការអភិវឌ្ឍរថយន្តដើរ ដោយថាមពលថ្មី មិនអាចកាត់ផ្ដាច់ចេញ ពីប្រទេសចិនបានទេ។
តាមទិន្នន័យថ្មីបំផុតដែលចេញ ផ្សាយដោយស្ថាប័នឧស្សាហកម្មនិងព័ត៌មាន វិទ្យារបស់ប្រទេសចិនឱ្យដឹងថា ការនាំចេញអាគុយថាមពល របស់ប្រទេសចិនក្នុងឆ្នាំ២០២៣ មានចំនួន១២៧.៤GWh កើនឡើង៨៧.១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២ ហើយទំហំទីផ្សារបានឈរនៅលំដាប់ជួរមុខ លើពិភពលោកក្នុង រយៈពេល៧ឆ្នាំជាប់ៗគ្នា។ ក្នុងនោះ ទីផ្សារនាំចេញធំជាងគេគឺអឺរ៉ុប បន្ទាប់មក គឺអាមេរិកនិងអាស៊ីអាគ្នេយ៍ ។
សមិទ្ធផលដែលឧស្សាហកម្មអាគុយ របស់ប្រទេសចិនទទួលបាន គឺមកពីឧត្តមភាព ប្រកួតប្រជែងជាច្រើន។
លោកCui Dongshuអគ្គលេខាធិការ នៃសមាគមន៍ព័ត៌មានទីផ្សារ រថយន្តដឹកអ្នកដំណើរចិន បានថ្លែងថា អាគុយរបស់ ប្រទេសចិន មានឧត្តមភាពឧស្សាហកម្ម ដែលមិនអាចជំនួសបាន ។ ប្រទេសចិនសម្រេច បាននូវការផលិតដោយម្ចាស់ ការនូវវត្ថុធាតុសំខាន់ៗទាំងអស់ សម្រាប់ផលិតអាគុយ ដូចជាវត្ថុធាតុcathode anodeនិងelectrolytesជាដើម ដែលបានបង្កើតខ្សែសង្វាក់ ឧស្សាហកម្មអាគុយយ៉ាងពេញលេញ។
ក្នុងវិស័យវត្ថុធាតុដើមស្នូល ដែលត្រូវការសម្រាប់ការផលិតអាគុយ ប្រទេសចិនក៏កាន់ឋានៈដឹកនាំសំខាន់ដដែល។ លោកស្រី Tao Lin អគ្គនាយករង នៃក្រុមហ៊ុនTesla បានថ្លែងថា”ភាពជោគជ័យរបស់ក្រុមហ៊ុនTesla នៅប្រទេសចិន គឺពឹងផ្អែកយ៉ាងខ្លាំង លើភាពជោគជ័យ នៃខ្សែសង្វាក់ផ្គត់ផ្គង់ របស់ប្រទេសចិន”។
ព្រមពេលជាមួយគ្នានេះ ផលិតផលអាគុយ របស់ប្រទេសចិនមានគុណភាពល្អ និងតម្លៃដើមទាប ហើយទទួលបាន ការពេញនិយមពីសហគ្រាស ផលិត រថយន្ត នៃបណ្តាប្រទេស។អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការប្រកាន់ខ្ជាប់ នូវការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យា ក្នុងរយៈពេលយូរ និងការពន្លឿនការបង្កើត រចនាសម្ព័ន្ធនៅទូទាំងពិភពលោក បានក្លាយជាគន្លឹះនៃភាពជោគជ័យ សម្រាប់សហគ្រាសចិន។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលអាមេរិក បានបង្កើត” ជញ្ជាំងខ្ពស់” ចំពោះអាគុយរបស់ប្រទេសចិន តាមរយៈការធ្វើអន្តរាគមន៍ ផ្នែកនយោបាយ និងរបាំងពាណិជ្ជកម្ម ដើម្បីព្យាយាមទប់ស្កាត់ការ អភិវឌ្ឍនៃឧស្សាហកម្ម ដែលកំពុងងើបឡើងថ្មី របស់ប្រទេសចិន ។ អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា ភាគីអាមេរិកបានជ្រោងទង់ ដែលហៅថា”សន្តិសុខជាតិ” មកគាបសង្កត់ប្រទេសចិន និងប៉ុនប៉ង់ចង់”ផ្តាច់ទំនាក់ទំនង និងខ្សែសង្វាក់” ប៉ុន្តែគិតពិចារណា ដល់ឧត្តមភាពខាងបច្ចេកវិទ្យាដ៏ពិសេស នៃឧស្សាហកម្មអាគុយ របស់ប្រទេសចិន ភាគីអាមេរិកនឹង មិនអាចទប់ស្កាត់ ប្រទេសចិនបានទេ ។
ការពិតបានបញ្ជាក់ថា កម្លាំងនយោបាយ មិនអាចបង្ក្រាបក្រឹត្យក្រមទីផ្សារបានទេ ។ ស្ថាប័ននានា ដូចជាមជ្ឈមណ្ឌល សិក្សាស្រាវជ្រាវ យុទ្ធសាស្ត្រនិងបញ្ហាអន្តរជាតិ អាមេរិកជាដើមបាននាំគ្នាបង្ហាញ ឥរយាបថនាពេលថ្មីៗនេះថា ស្របពេលដែល ការនាំចេញផលិតផល ដូចជាអាគុយរបស់ប្រទេសចិន ជាដើមមានភាពខ្លាំងក្លា ឧស្សាហកម្មជាច្រើន ទទួលបានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស ប្រទេសចិននៅតែជាទីផ្សារ ដែលអ្នកវិនិយោគបរទេសមិនអាចបោះបង់ចោលបាន ហើយវាកាន់តែជាកម្លាំងចលករ យ៉ាងខ្លាំងសម្រាប់ជំរុញកំណើន សេដ្ឋកិច្ចពិភពលោកថែមទៀត៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាព កម្ពុជាចិន