ព័ត៌មានអន្តរជាតិ

ជប៉ុន ​និង​អាល្លឺម៉ង់ ​ចុះ​ហត្ថលេខា​លើ​កតិកាសញ្ញា​ ចែករំលែក​ការផ្គត់ផ្គង់​យោធា ​ចំពេល​មានការ​កើនឡើងនូវឥទ្ធិពលរបស់ចិន

រូបភាពពី៖​ Kyodo

តូក្យូ៖ ជប៉ុន និងអាល្លឺម៉ង់ បានបញ្ចប់កិច្ចព្រមព្រៀងយោធាមួយ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរការផ្គត់ផ្គង់ និងការគាំទ្រផ្នែកដឹកជញ្ជូន ខណៈដែលប្រទេសទាំងពីរមានបំណងពង្រឹងទំនាក់ទំនងការពារជាតិរបស់ពួកគេ ចំពោះមុខការអះអាងដែនសមុទ្រ ដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំប្រទេសជប៉ុន លោក Clemens von Goetze បានចុះហត្ថលេខានៅទីក្រុងតូក្យូ នូវកិច្ចព្រមព្រៀងទិញ និងសេវាកម្មឆ្លងដែន ឬ ACSA ដែលសម្រួលដល់ដំណើរការនៃការចែករំលែកស្បៀងអាហារ ប្រេងឥន្ធនៈ និងគ្រាប់រំសេវ រវាងកងកម្លាំងស្វ័យការពារជប៉ុន និងយោធាអាល្លឺម៉ង់។

កិច្ចព្រមព្រៀងទ្វេភាគីនឹងអនុញ្ញាតឱ្យប្រើប្រាស់មធ្យោបាយរបស់ភាគីនីមួយៗក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នា ក្រោមការយល់ព្រមពីសភាជប៉ុន ដោយសារអាល្លឺម៉ង់ មិនត្រូវការនីតិវិធីក្នុងស្រុក នេះបើយោងតាមមន្ត្រីក្រសួងការបរទេសជប៉ុន។

លោកស្រី Kamikawa បានប្រាប់លោក Goetze ថាសន្ធិសញ្ញាថ្មីនឹងអនុញ្ញាតឱ្យជប៉ុន និងអាល្លឺម៉ង់ “ចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងសុវត្ថិភាពរបស់សហគមន៍អន្តរជាតិ” ជាមួយគ្នា។

រដ្ឋាភិបាលទាំងពីរបានចាប់ផ្តើមការចរចាលើកតិកាសញ្ញានេះនៅក្នុងខែកញ្ញា ហើយបានយល់ព្រមជាគោលការណ៍លើវាកាលពីខែមុន នេះបើយោងតាមក្រសួងការបរទេស។

ទីក្រុងតូក្យូ និងទីក្រុងប៊ែរឡាំង បាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ពួកគេ ដូចជាសមយុទ្ធរួមគ្នា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទទួលស្គាល់ភាពមិនស្មើគ្នានៃសន្តិសុខរបស់អាស៊ី និងអឺរ៉ុប ចំពេលមានការកើនឡើងនៃកម្លាំងយោធារបស់ចិន និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២៕ ប្រែសម្រួល ឈូក បូរ៉ា

To Top