ព័ត៌មានអន្តរជាតិ

អាស៊ាន គាំទ្រច្រករបៀងមនុស្សធម៌ របស់ប្រទេសថៃ សម្រាប់ជនភៀសខ្លួនមីយ៉ាន់ម៉ា

Kyodo

ឡាវ៖ ប្លុកតំបន់បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបញ្ចប់ការពិភាក្សា ដោយគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រទេសថៃ ក្នុងការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីផ្តល់ជំនួយសម្រាប់ជនស៊ីវិល ដែលផ្លាស់ទីលំនៅដោយសារសង្គ្រាមស៊ីវិល ដែលកំពុងកើនឡើងរបស់ប្រទេសនេះ។

រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith ដែលធ្វើជាប្រធានកិច្ចប្រជុំរយៈពេល ពីរថ្ងៃដែលបានចាប់ផ្តើមថ្ងៃសៅរ៍នៅទីក្រុងហ្លួងប្រាបាង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនោះក៏មានការចូលរួមដោយមន្ត្រីរដ្ឋាភិបាលយោធាជាន់ខ្ពស់ មីយ៉ាន់ម៉ាផងដែរថា ប្រទេសថៃ បានស្នើសុំផែនការ សម្រាប់ច្រករបៀងមនុស្សធម៌ប្រកបដោយសុវត្ថិភាព​ ផ្តល់ជំនួយដល់ជនភៀសខ្លួន ក្នុងប្រទេសមីយ៉ាន់ម៉ា ឬអ្នកដែលភៀសខ្លួនទៅប្រទេសថៃ។

ប្រទេសមីយ៉ាន់ម៉ា ដែលនឹងប្រារព្ធខួបបីឆ្នាំឆាប់ៗនេះ ចាប់តាំងពីរដ្ឋប្រហារយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសនោះ បានបញ្ជូនតំណាងរបស់ខ្លួន ទៅកិច្ចប្រជុំអាស៊ាន ដ៏សំខាន់ជាលើកដំបូងចាប់តាំងពីសមាជិកផ្សេងទៀត បានសម្រេចចិត្តក្នុងខែតុលា ឆ្នាំ២០២១ ដើម្បីអនុញ្ញាតឱ្យមានតែតំណាង មិននយោបាយមកពីប្រទេសចូលរួម។

លោក Saleumxay បានលើកឡើងថា រដ្ឋមន្ត្រីការបរទេសបានស្វាគមន៍ ចំពោះវត្តមានរបស់មន្ត្រីជាន់ខ្ពស់នៃប្រទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោកបានបន្ដថា “យើងប្រាកដណាស់ថា យើងកាន់តែចូលរួមជាមួយមីយ៉ាន់ម៉ា ការយល់ដឹងកាន់តែច្រើន ការយល់ដឹងកាន់តែស៊ីជម្រៅ ​ រវាងមីយ៉ាន់ម៉ា និងសមាជិកអាស៊ានដទៃទៀត ក៏ដូចជារវាងប្រទេស និងសហគមន៍អន្តរជាតិ។

យោងតាមអនុរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow តំណាងមីយ៉ាន់ម៉ា បានប្រាប់រដ្ឋមន្ត្រីការបរទេសថា រដ្ឋាភិបាលយោធាយល់ពីការ ព្រួយបារម្ភរបស់អាស៊ាន ចំពោះស្ថានការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបន្ថែមថាខ្លួនព្យាយាមដោះស្រាយបញ្ហា របស់ប្រទេសតាមរយៈការពិភាក្សា បទឈប់បាញ់ជាមួយកងកម្លាំងប្រឆាំង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top