ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការអង្គការណាតូ ថា ការផ្តល់ជំនួយឱ្យអ៊ុយក្រែន គឺជាការវិយោគលើសន្តិសុខ របស់យើងផ្ទាល់ មិនមែនជាជំនួយ សប្បុរសធម៌ឡើយ

រូបភាពពី៖​ XINHUA

បរទេស៖ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយថា ការចរចាណាមួយរវាងទីក្រុងមូស្គូ និងគៀវអំពីកិច្ចព្រមព្រៀងសន្តិភាពគឺ “មិនអាចកាត់ផ្តាច់បាន” ទៅនឹងស្ថានភាពនៅសមរភូមិ ។ លោកបានទទូចទៀតថា ប្លុកនេះត្រូវតែបញ្ជូនជំនួយយោធាបន្ថែមទៀតដល់ក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅទីក្រុងវ៉ាស៊ីនតោនក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken លោក Stoltenberg បាននិយាយថា ជំនួយដល់អ៊ុយក្រែនគឺ “មិនមែនសប្បុរសធម៌” ប៉ុន្តែវាជា “ការវិនិយោគលើសន្តិសុខរបស់យើងផ្ទាល់” ។

លោកក៏បានចែករំលែកទស្សនៈថា ដើម្បីសម្រេចបានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន បស្ចិមប្រទេសចាំបាច់ត្រូវបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់ទីក្រុងគៀវ ហើយបញ្ជូនអាវុធ និងគ្រាប់រំសេវបន្ថែមទៀត ដោយលោកបានប្រកាសថា «អាវុធបញ្ជូនទៅឱ្យអ៊ុយក្រែន គឺជាផ្លូវទៅកាន់សន្តិភាព»។

ការអត្ថាធិប្បាយនេះបានកើតឡើងខណៈពេលអនាគតនៃជំនួយលោកខាងលិចដល់អ៊ុយក្រែនមើលទៅកាន់តែមិនច្បាស់លាស់ ដោយអ្នកគាំទ្ររបស់ក្រុងគៀវជាច្រើនអស់ធនធានក្នុងការជួយប្រទេសនេះ (អ៊ុយក្រែន)។ មេដឹកនាំអ៊ុយក្រែនក៏ត្រូវគេរាយការណ៍ថា បាត់បង់ក្តីសង្ឃឹមនៃជោគជ័យប្រឆាំងនឹងរុស្ស៊ីដោយគ្មានការគាំទ្រពីលោកខាងលិច។

លោក Stoltenberg ក៏បានអះអាងផងដែរថា ការចុះចាញ់របស់អ៊ុយក្រែន មិនអាចចាត់ទុកថាជា “សន្តិភាព” ដែលលោកបានកំណត់ថា អាចទៅដល់បានដោយគ្រាន់តែឲ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin “ដឹងថា លោកពូទីននឹងមិនទទួលបានអ្វីដែលលោកចង់បាននៅលើសមរភូមិឡើយ”៕ ប្រែសម្រួលៈ ណៃ តុលា

To Top