ព័ត៌មានអន្តរជាតិ

នៅវៀតណាម ការកាត់ទោសព្រហ្មទណ្ឌត្រូវបានស្នើឡើងសម្រាប់អ្នកបើកបរ​​ ដែលមានជាតិអាល់កុលខ្ពស់

VnExpress/Gia Chinh

បរទេស៖ មន្ត្រីជាន់ខ្ពស់ផ្នែកសុវត្ថិភាពចរាចរណ៍របស់វៀតណាម បាននិយាយថា ការកាត់ទោសព្រហ្មទណ្ឌគឺជាការចាំបាច់សម្រាប់អ្នកដែលបើកបរក្រោមឥទ្ធិពលនៃជាតិអាល់កុលខ្ពស់ ទោះបីជាពួកគេមិនបានបង្កគ្រោះថ្នាក់អ្វីក៏ដោយ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Tran Huu Minh ប្រធានការិយាល័យនៃគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ បាននិយាយថា ការដាក់ពិន័យរដ្ឋបាលបច្ចុប្បន្នសម្រាប់ការបំពានការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង DUI គឺខ្ពស់គួរសម និងមានឥទ្ធិពលរារាំងបានល្អ។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់បច្ចុប្បន្នចែងថា បន្ទាប់ពីឈានដល់កម្រិតបីនៃការបំពានការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង (DUI) ដែលមានន័យថា អ្នកបើកបរមានលើសពី 0.4 mg ក្នុងមួយលីត្រខ្យល់ ឬលើសពី 80 mg/100ml ក្នុងលីត្រឈាម ពួកគេនឹងទទួលបានការពិន័យដូចគ្នា ដោយមិនគិតពីកម្រិតជាតិអាល់កុលខ្ពស់នៅក្នុងខ្លួននោះទេ។

លោក Minh បានប្រាប់សិក្ខាសាលាមួយដែលពិភាក្សាអំពីគ្រោះថ្នាក់នៃគ្រឿងស្រវឹងចំពោះអ្នកប្រើប្រាស់ផ្លូវដែលរៀបចំដោយក្រសួងសន្តិសុខសាធារណៈ និងក្រសួងសុខាភិបាលកាលពីថ្ងៃចន្ទនៅទីក្រុងហាណូយថា “ឧទាហរណ៍ មិនថាមនុស្សម្នាក់ផឹកស្រាបៀរ ៥ ឬ ៣០ កែវនោះទេ ពួកគេនឹងត្រូវពិន័យដូចគ្នា ។ នេះមិនស្របនឹងគោលការណ៍មូលដ្ឋានទាំងស្រុងក្នុងការដាក់ទណ្ឌកម្មរដ្ឋបាលដែលត្រូវដាក់ពិន័យតាមសមាមាត្រនឹងការបំពាន»។

បច្ចុប្បន្ននេះ នៅប្រទេសវៀតណាម ការផាកពិន័យខ្ពស់បំផុតសម្រាប់អ្នកបើកបររថយន្តដែលមានកម្រិតជាតិអាល់កុលក្នុងឈាមលើសពី ៨០មីលីក្រាមក្នុង១លីត្រឈាម ឬ ០,៤ មីលីក្រាមក្នុង១លីត្រខ្យល់គឺត្រូវពិន័យជាប្រាក់ ៣០លាន ទៅ ៤០លានដុង ដោយមានការព្យួរបណ្ណបើកបរពី ២២ខែ ទៅ ២៤ខែផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top