ព័ត៌មានអន្តរជាតិ

កូរ៉េ​ខាងជើង បញ្ជាក់ថា ខ្លួន​បាន​ធ្វើ​សមយុទ្ធ​បាញ់​មី​ស៊ី​ល​យុទ្ធសាស្ត្រ

រូបភាពពី៖​ Kyodo

សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធបាញ់បង្ហោះមីស៊ីលយុទ្ធសាស្ត្រកាលពីថ្ងៃមុន នៅឯឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស ដើម្បីពិនិត្យមើល “ជំហរវាយលុកយ៉ាងរហ័ស” របស់យោធា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េផ្លូវការបានឲ្យដឹងថា ការបាញ់មីស៊ីល Hwasal-2 មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវ “សមត្ថភាពវាយប្រហារជាយុទ្ធសាស្ត្រ” របស់យោធា ដោយមិនផ្តល់ព័ត៌មានលម្អិតដូចជាជួរហោះហើរ ឬចំនួនមីស៊ីលដែលបានបាញ់នោះទេ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានចុះផ្សាយថា វាត្រូវបានគេជឿថា សមាសធាតុអុបទិក ត្រូវបានដំឡើងនៅចុងក្បាលគ្រាប់នៃមីស៊ីល Hwasal-2 សម្រាប់ការណែនាំច្បាស់លាស់។

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលនាំផ្លូវ ជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រលឿងពីទីក្រុង Nampo ភាគខាងលិចកាលពីព្រឹកថ្ងៃអង្គារ ដែលជាការកត់សម្គាល់ការបាញ់មីស៊ីលឆ្លងទ្វីបជុំទី៣ របស់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលមួយសប្តាហ៍។

ក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​កាំជ្រួច​យុទ្ធសាស្ត្រ Pulhwasal-3-31 ថ្មី​របស់​ខ្លួន​ដែល​គេ​ជឿ​ថា​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នៅ​ថ្ងៃ​អាទិត្យទី ២៤ ខែ​មករា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top