ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលឡាវ ជំរុញឲ្យគ្រប់វិស័យទាំងអស់ ជួយដោះស្រាយ ការលំបាកផ្នែកសេដ្ឋកិច្ច របស់ប្រទេស

រូបភាព៖ Xinhua

វៀងចន្ទន៍៖ រដ្ឋាភិបាល​ឡាវ​ បាន​ណែនាំ​ដល់​គ្រប់​នាយកដ្ឋាន និង​អាជ្ញាធរ​មូលដ្ឋាន ​ឲ្យ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដែល​កំពុង​កើត​ឡើង និង​សម្រាល​ទុក្ខលំបាក ​របស់​ប្រជាជន។

យោងតាមរបាយការណ៍របស់ទូរទស្សន៍ជាតិឡាវនៅថ្ងៃពុធនេះ ការណែនាំនេះត្រូវបានចេញនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់រដ្ឋាភិបាលឡាវ សម្រាប់ខែមករា ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអង្គារ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone។

អ្នកចូលរួមបានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមទាំងកិច្ចការដែលបានអនុវត្តក្នុងខែមករា ក្នុងវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស ព្រមទាំងផែនការការងារ សម្រាប់ខែកុម្ភៈ។

លោក Sonexay បានអំពាវនាវឱ្យអ្នកចូលរួមធ្វើការវិភាគបន្ថែមទៀតអំពីស្ថានភាព និងផ្តល់យោបល់ក្នុងន័យស្ថាបនា ដើម្បីសម្រេចបាននូវគោលដៅ និងគោលបំណងដែលបានកំណត់។

ប្រទេសឡាវ​រង​ផល​ប៉ះពាល់​ដោយ​ការ​ឡើង​ថ្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​ពិភពលោក។ ទន្ទឹមនឹងនេះ ការផលិត និងការទិញទំនិញក្នុងស្រុកនៅតែមានកម្រិតទាប ដែលមានន័យថា ការនាំចូលនៅតែបន្តមានសារៈសំខាន់ ដែលប្រើប្រាស់ទុនបម្រុងរូបិយប័ណ្ណបរទេស ហើយវាប៉ះពាល់ដល់អត្រាប្តូរប្រាក់ និងជំរុញអតិផរណា ដែលបណ្តាលឱ្យតម្លៃទំនិញឡើងខ្ពស់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top