ព័ត៌មានអន្តរជាតិ

ការវិនិយោគ បរទេសរបស់វៀតណាម កើនឡើងជាង ៤០ភាគរយ ក្នុងខែមករា

Xinhua

ហាណូយ៖ វៀតណាម បានទាក់ទាញការវិនិយោគបរទេសប៉ាន់ស្មានចំនួន ២,៣៦ពាន់លានដុល្លារអាមេរិក ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែមករា ពោល គឺកើនឡើង ៤០,២ភាគរយ ធៀបនឹងឆ្នាំមុន នេះបើយោងតាមស្ថិតិចុងក្រោយ របស់ការិយាល័យស្ថិតិរបស់ប្រទេស (GSO) ។

នេះ​ជា​តួលេខ​លើក​ទឹក​ចិត្ត​បើ​ធៀប​នឹង​ រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​ការ​វិនិយោគ​បរទេស ​មាន​ការ​ធ្លាក់​ចុះ ២០​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

សរុបមក ទឹកប្រាក់ជាង ២ពាន់លានដុល្លារ ត្រូវបានវិនិយោគនៅក្នុងគម្រោងថ្មីចំនួន ១៩០ ដែលកើនឡើងពីមួយឆ្នាំទៅ មួយឆ្នាំ ៧០ភាគរយនៅក្នុងកម្រិតនៃដើមទុន និង ២៤,២ភាគរយនៅក្នុងចំនួនគម្រោង។

សម្រាប់រយៈពេលនេះ ប្រទេស និងដែនដីចំនួន ៣៩ បានបណ្តាក់ទុន នៅវៀតណាម ដឹកនាំដោយសិង្ហបុរី ដែលមានទឹក ប្រាក់ជាង ១,៤ពាន់លានដុល្លារ ស្មើនឹង ៥៩,៥ភាគរយ នៃលំហូរវិនិយោគសរុប។

កាលពីឆ្នាំមុន វៀតណាម បានទាក់ទាញការវិនិយោគបរទេស ប្រហែល ៣៦,៦ពាន់លានដុល្លារ កើនឡើង ៣២,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាម ​​GSO ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top