កាធុម៖ លោក Abdel Fattah Al-Burhan មេបញ្ជាការទូទៅ នៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានឲ្យដឹងថាគ្មានដំណើរការនយោបាយណាមួយអាចកើតឡើងនៅក្នុងប្រទេសស៊ូដង់រហូតដល់ “ការបះបោរត្រូវបានបង្ក្រាប” ។
លោក Al-Burhan ដែលជាប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលផងដែរនោះបានធ្វើសុន្ទរកថាទៅកាន់មន្ត្រីនិងទាហាននៅឯមូលដ្ឋានយោធា Blue Nile នៅកណ្តាលទីក្រុង Sennar។
លោក Al-Burhan បានសម្តែងការប្តេជ្ញាចិត្តរបស់កងទ័ព ដើម្បីបញ្ចប់ “ការបះបោរ” និងអនុញ្ញាតឱ្យប្រជាជនត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយបន្ថែមថា “សញ្ញានៃជ័យជំនះ កំពុងលេចឡើងហើយ” ។
ស៊ូដង់បានឃើញការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាង SAF និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធាចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីសប្តាហ៍មុនថាមនុស្សជាង ១៣,០០០នាក់ត្រូវបានសម្លាប់ និងជាង ៩លាននាក់បានផ្លាស់ទីលំនៅចាប់តាំងពីការប្រយុទ្ធបានចាប់ផ្តើម៕ ប្រែសម្រួល ឈូក បូរ៉ា