ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អំពាវនាវឲ្យបិទទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិ

រូបភាពពី៖​ XINHUA

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអំពាវនាវកាលពីថ្ងៃពុធ សម្រាប់ការបិទទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ចំពេលមានការចោទប្រកាន់ពីបុគ្គលិក UNRWA មួយចំនួននៅក្នុងការវាយប្រហារសម្លាប់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ មកពីប្រទេសចំនួន ៨ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងយេរ៉ូសាឡឹមថា “ពេលវេលាបានមកដល់ហើយ សម្រាប់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិខ្លួនឯង ដើម្បីយល់ថាបេសកកម្មរបស់ UNRWA ត្រូវតែត្រូវបានបញ្ចប់” ។

សហរដ្ឋអាមេរិក និងប្រទេសយ៉ាងហោចណាស់ ១០ ផ្សេងទៀតបានផ្អាកការផ្តល់មូលនិធិដល់ UNRWA បន្ទាប់ពីអ៊ីស្រាអែល បានចោទប្រកាន់ថា “បុគ្គលិករបស់ខ្លួនរាប់សិបនាក់បានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា” ដែលបានសម្លាប់មនុស្សប្រហែល ១,២០០នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។

UNRWA មានបុគ្គលិកប្រហែល ១៣,០០០នាក់នៅតំបន់ហ្គាហ្សាស្ទ្រីបប៉ាឡេស្ទីន ដែលបានប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ចាប់តាំងពីមានការវាយប្រហារតាមអាកាសដ៏ធំរបស់អ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស។

ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបានឲ្យដឹងកាលពីថ្ងៃពុធថា ការវាយប្រហារបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៦,៩០០នាក់ និងរបួស ៦៩,៩៥០នាក់ផ្សេងទៀត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top