យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ុ បានច្រានចោល នូវបទបញ្ជាប្រតិបត្តិមួយ ដែលចេញដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែល ដែលចោទប្រកាន់ថា បានវាយប្រហារជនជាតិប៉ាឡេស្ទីននៅតំបន់វេសបែង ដែលខ្លួនកាន់កាប់។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោក លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ប្រទេសរបស់លោក “ចាត់វិធានការប្រឆាំងនឹងអ្នកល្មើសច្បាប់ណាមួយដោយមិនគិតពីទីតាំងរបស់ពួកគេ ដូច្នេះវិធានការពិសេសក្នុងរឿងនេះ គឺមិនចាំបាច់នោះទេ” ។
យោងតាមការលើកឡើងរបស់លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា “ភាគច្រើនដាច់ខាតនៃអ្នកតាំងលំនៅនៅតំបន់វេសបែង គឺជាពលរដ្ឋដែលគោរពច្បាប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
បទបញ្ជាប្រតិបត្ដិរបស់លោក បៃដិន បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងការហាមប្រាមទិដ្ឋាការលើបុគ្គលអ៊ីស្រាអែល ៤នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan ។
ទង្វើនេះបានជំរុញឱ្យមានការព្រួយបារម្ភ នៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែលថា យន្តការដូចគ្នានេះនឹងត្រូវប្រើនៅពេលក្រោយ ដើម្បីដាក់ទណ្ឌកម្មមេដឹកនាំអ្នកតាំងលំនៅស្តាំនិយម ដែលបម្រើការជារដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលចម្រុះជាតិនិយមជ្រុលរបស់លោក ណេតាន់យ៉ាហ៊ូ៕ ប្រែសម្រួល ឈូក បូរ៉ា