បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុងប៉េកាំងបានទាមទារឱ្យអ៊ុយក្រែនដកក្រុមហ៊ុនចិនទាំង១៤ ចេញជាបន្ទាន់ ពីបញ្ជីអាជីវកម្មដែលទីក្រុងគៀវបានដាក់ស្លាកសញ្ញាថា ជា “អ្នកឧបត្ថម្ភអន្តរជាតិនៃសង្គ្រាម” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការទាមទារនេះកើតឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៉េកាំងប្រចាំទីក្រុងគៀវ បានប្រាប់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អ៊ុយក្រែនកាលពីខែមុនថា វត្តមានរបស់ក្រុមហ៊ុនចិននៅក្នុងបញ្ជីនេះ អាចប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់ Reuters កាលពីថ្ងៃព្រហស្បតិ៍ថា “ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការដាក់បញ្ចូលសហគ្រាសចិនក្នុងបញ្ជីខ្មៅនេះ និងទាមទារឱ្យអ៊ុយក្រែនកែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់ និងលុបបំបាត់ផលប៉ះពាល់អវិជ្ជមាន” ។
ក្នុងចំណោមក្រុមហ៊ុនអន្តរជាតិចំនួន ៤៨ ដែលស្ថិតក្នុងបញ្ជីខ្មៅរបស់អ៊ុយក្រែន គឺមាន ១៤ ក្រុមហ៊ុនមកពីប្រទេសចិន ដែលជាក្រុមហ៊ុនច្រើនជាងគេក្នុងចំណោមប្រទេសផ្សេងទៀត។
ប្រភពជាន់ខ្ពស់អ៊ុយក្រែនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា “ឯកអគ្គរដ្ឋទូតចិនបាននិយាយថា [បញ្ជីខ្មៅ] អាចមានឥទ្ធិពលអវិជ្ជមានលើទំនាក់ទំនងរបស់យើង” ដោយបន្ថែមថា ទីក្រុងប៉េកាំងមិនទាន់បានបង្ហាញពីផលវិបាកជាក់លាក់ណាមួយដែលកើតឡើងពីការដាក់បញ្ចូលនេះ នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា