ថ្ងៃទី២ ខែកុម្ភៈ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានផ្ញើលិខិតអបអរសាទរ ចំពោះពិធីសម្ពោធបើក «ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន ចិន-អាស៊ាន ២០២៤»។
លោក Li Qiang បានថ្លែងថា ប្រទេសចិននិងប្រទេស អាស៊ាន មានទឹកភ្នំតភ្ជាប់គ្នា វប្បធម៌ស្រដៀងគ្នា ទំនាក់ទំនងមេត្រីភាព មានប្រវត្តិតាំងពី យូរលង់ណាស់ មកហើយ ។ ភាគីទាំងពីរបានរួមគ្នា បង្កើតឡើង នូវវប្បធម៌អាស៊ី ដ៏សម្បូរបែបនិងចម្រុះពណ៌ ដែលបានក្លាយទៅជាមរតក នៃអរិយធម៌ដ៏ត្រចះច្រង់ ។ តាំងពីបុរាណកាលមក តំបន់ អាស៊ីអាគ្នេយ៍ គឺជាចំណងសំខាន់ នៃផ្លូវសូត្រលើសមុទ្រ ដំណើរត្រាច់ចរ តាមនាវារយៈពេលប្រាំពីរ លើកតាមផ្លូវ សមុទ្រ របស់នាវាចចិន លោក Zheng He បានចាររឿងរ៉ាវប្រវត្តិសាស្ត្រដ៏ល្អៗ ស្តីពីការផ្លាស់ប្តូរ មិត្តភាព និងការផ្លាស់ប្តូរ សេដ្ឋកិច្ច រវាងចិននិងក្នុងតំបន់ ។ បច្ចុប្បន្ន ទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ាន កំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ ខណៈកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ក៏ទទួលបានសមទ្ធិផល ច្រើនសន្ធឹកផងដែរ ហើយការកសាង សហគមន៍រួមវាសនាចិន-អាស៊ាន បន្តបោះជំហានថ្មីដោយឥតឈប់ឈរ ។
លោក Li Qiang បានបន្តទៀតថា លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងថា ការអភិរក្សមិត្តភាពរវាងចិននិងអាស៊ានមានស្ថិរភាពរៀងរហូត ចាំបាច់ត្រូវពង្រឹងមូលដ្ឋាន ក្នុងសង្គមស៊ីវិល នៃទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែរឹងនាំ ។ ភាគីចិនសង្ឃឹមរួមខិតខំ ជាមួយបណ្តាប្រទេសអាស៊ាន ចាត់ទុក« ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន ចិន-អាស៊ាន ២០២៤» ជាកាលានុវត្តភាព ពួតដៃគ្នាអនុវត្តគំនិតផ្តួចផ្តើម អរិយធម៌សកល ដើម្បីផ្សព្វផ្សាយ នូវទស្សនៈគុណតម្លៃអាស៊ី ដែលចាត់ទុកសន្តិភាព កិច្ចសហប្រតិបត្តិការ បរិយាប័ន្ន និងចុះសម្រុងគ្នាជាស្នូល ជំរុញឱ្យប្រជាជន ចំនួនលើសពី ២ ពាន់លាននាក់ របស់ភាគីទាំងពីរមានភាពកាន់តែស្និតស្នាល យោគយល់គ្នា រាប់អានគ្នា ស្រុះស្រួលគ្នា ដើម្បីបង្កើតសហគមន៍ វាសនារួមចិន-អាស៊ាន កសាងមហាគ្រួសាររួម ដែលប្រកបដោយសន្តិភាព សុខសានត្រាន វិបុលភាព ស្រស់ស្អាត និងមេត្រីភាព ៕