ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រាប់សេតវិមាន អំពីផែនការបណ្តេញ ​ឧត្តម​សេនីយ៍​កំពូល ​របស់ខ្លួនពីតំណែង

Xinhua

បរទេស ៖ ប្រភពចំនួនពីរបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលអ៊ុយក្រែន បានជូនដំណឹងដល់សេតវិមានថា ខ្លួនគ្រោងនឹងបណ្តេញ មេបញ្ជាការយោធាកំពូល របស់អ៊ុយក្រែន ដែលមើលការខុសត្រូវលើសង្គ្រាមប្រឆាំង នឹងកងកម្លាំងកាន់កាប់របស់រុស្ស៊ី។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការជូនដំណឹង ដើម្បីបណ្តេញនេះ កើតឡើងក្រោយពីឧត្តមសេនីយ Valeriy Zaluzhnyi បានប៉ះទង្គិចជាមួយប្រធានាធិបតី Volodymyr Zelenskyy ជុំវិញយុទ្ធសាស្ត្រយោធា និង បញ្ហាផ្សេងទៀត បន្ទាប់ពីការវាយលុក របស់អ៊ុយក្រែន កាលពីឆ្នាំមុន ដែលបានបរាជ័យ ក្នុងការទាញយកមកវិញ នូវបរិមាណដ៏ច្រើននៃទឹកដី ដែលគ្រប់គ្រងដោយរុស្ស៊ី។

ប្រភពជិតស្និទ្ធនឹងការិយាល័យរបស់ Zelenskyy បាននិយាយថា អ្នកទាំងពីរក៏បានខ្វែងគំនិតគ្នាផងដែរ លើការជំរុញការគៀងគរយោធាថ្មី ដោយប្រធានាធិបតី បានជំទាស់នឹងសំណើ របស់ឧត្តមសេនីយ៍ Zaluzhnyi ក្នុងការកេណ្ឌទាហានថ្មី ចំនួន ៥០០.០០០ នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពបានបន្ថែមថា ដំណើរការសម្រាប់ការ បន្ធូរបន្ថយតំណែងឧត្តមសេនីយ៍ Zaluzhnyi ពីតំណែងជាមេបញ្ជាការកង កម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានផ្អាកសម្រាប់ពេលបច្ចុប្បន្ន ខណៈដែលមន្ត្រីពិចារណាថា តើនរណាជាអ្នកជំនួសតំណែងនេះ។

ប្រភពដែលដឹងរឿង ទីពីរបាននិយាយថា សេតវិមានមិនបានបង្ហាញ ពីជំហរមួយឬវិធីផ្សេងទៀត លើផែនការដើម្បីជំនួសឧត្តមសេនីយ៍ Zaluzhnyi នៅឡើយទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top