ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដីនៅកោះស៊ូម៉ាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់ និងរបួសជាង១០នាក់

AFP

ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ថា ទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្ត រាយជាតិ បានរាយការណ៍ នៅថ្ងៃអាទិត្យនេះថា គ្រួសារ១ ដែលមានគ្នា៣នាក់ បានស្លាប់ និង១៣នាក់ ផ្សេងទៀត បានរងរបួសនៅលើផ្លូវហាយវេស៍ ដែលមានករណីគ្រោះបាក់ដី កើតឡើង នៅតំបន់ Tapanuli នៅខេត្តស៊ូម៉ាត្រាខាងជើង ។

លោក Abdul Muhariអ្នកនាំពាក្យទីភ្នាក់ងារខាងលើ បានឲ្យដឹងថា ច្រាំងថ្មចោទនៅសង្ខាងផ្លូវ ភ្លាមៗនោះបានធ្លាក់ចុះ ដោយបានបុកចំរថយន្តជាច្រើន នៅកណ្តាលផ្លូវបង្កឲ្យការស្ទះចរាចរណ៍ នៅលើផ្លូវជាតិ Tarutung-Sibolga កាលពីថ្ងៃសៅរ៍វេលាម៉ោង៥ល្ងាចម៉ោងក្នុងស្រុក ។

លោក Muhari បានបញ្ជាក់ថា “អ្នកដែលបានស្លាប់ គឺជាប្ដី ប្រពន្ធ និងក្មេងដែលទើបចេះដើរតេះតះនៅក្នុងរថយន្ត” ។

មនុស្ស៧នាក់បានរងរបួសស្រាល និង ៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ហើយអ្នករងគ្រោះទាំងអស់ នោះត្រូវបានគេនាំយកទៅកាន់ មន្ទីរពេទ្យដែលនៅក្បែរនោះ ។

គួរបញ្ជាក់ថា គ្រោះបាក់ដីនេះ ក៏បានបំផ្លាញផ្ទះ១ខ្នង រថយន្តតូច៥គ្រឿង រថយន្តដឹកទំនិញចំនួន១គ្រឿង និងម៉ូតូមួយចំនួនតូចផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top