ព័ត៌មានអន្តរជាតិ

ការ​វាយ​ប្រហារ​ របស់​អាមេរិក នៅ​ស៊ីរី និង​អ៊ីរ៉ាក់​បង្កើន​ ភាព​តានតឹង​ក្នុង​តំបន់

Xinhua

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈនេះថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីទប់ស្កាត់ឥទ្ធិពល របស់អ៊ីរ៉ង់ បង្កការគំរាមកំហែងយ៉ាង សំខាន់ដល់សន្តិភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលមានការប្រែប្រួលរួចហើយ ហើយទំនងជាធ្វើឱ្យភាព តានតឹងនៅក្នុងតំបន់កាន់តែខ្លាំង។

យុទ្ធជន ២៣ នាក់ រួមទាំងជនជាតិស៊ីរី ៩ នាក់ ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារ របស់សហរដ្ឋអាមេរិក ទៅលើទីតាំងរឹងមាំរបស់អ៊ីរ៉ង់ក្នុងខេត្ត Deir al-Zour ភាគខាងកើតនៃប្រទេសស៊ីរី កាលពីយប់ថ្ងៃសុក្រ និងដល់ព្រឹកថ្ងៃសៅរ៍ ខណៈពេលដែលមនុស្ស ១៦នាក់ រួមទាំងជនស៊ីវិល ត្រូវបានសម្លាប់ដោយការ វាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក ទៅលើកងកម្លាំង ប្រដាប់អាវុធ Hashd Shaabi នៅក្នុងប្រទេសអ៊ីរ៉ាក់។

បន្ទាប់ពីការវាយប្រហារនេះ ក្រសួងការបរទេសស៊ីរី កាលពីថ្ងៃសៅរ៍បានរិះគន់រដ្ឋបាល សហរដ្ឋអាមេរិក ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ជាប្រភពចម្បង នៃអស្ថិរភាពពិភពលោក។

អ្នកជំនាញឲ្យដឹងថា ការវាយប្រហារ ដែលសំដៅលើការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះដ្រូន ដែលបានសម្លាប់ទាហានអាមេរិក បីនាក់នៅក្នុងប្រទេសហ្ស៊កដានី កាលពីថ្ងៃទី២៨ ខែមករា បង្ហាញពីភាពតានតឹងកើនឡើង ដែលកើតឡើងពីជម្លោះនៅតំបន់ហ្គាហ្សា និងគោលបំណងរួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីទប់ស្កាត់ឥទ្ធិពល របស់អ៊ីរ៉ង់នៅក្នុងតំបន់។

លោក Osama Danura អ្នកជំនាញខាងនយោបាយ ដែលមានមូលដ្ឋាន នៅទីក្រុងដាម៉ាស់ ប្រទេសស៊ីរី បានឲ្យដឹងថា ការវាយប្រហារនេះគឺស្របទៅនឹងគំរូ នៃការប្រព្រឹត្ត ដែលសហរដ្ឋអាមេរិក បានអនុម័ត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top