វ៉ាស៊ីនតោន៖ កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការ វាយប្រហាររួមគ្នា កាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងគោលដៅនានា នៅក្នុងតំបន់ ដែលគ្រប់គ្រងដោយក្រុម Houthi ក្នុងប្រទេសយេម៉ែន ក្នុងគោលបំណងកាត់ បន្ថយសមត្ថភាព របស់ក្រុមសកម្មប្រយុទ្ធ ក្នុងការវាយប្រហារ លើការដឹកជញ្ជូនអន្តរជាតិ។
លោក Lloyd Austin បានឲ្យដឹងថា ប្រតិបត្តិការដោយមានការជួយជ្រោមជ្រែងពីប្រទេសអូស្ត្រាលី បារ៉ែន កាណាដា ដាណឺម៉ាក ហូឡង់ និងនូវែលសេឡង់ ការវាយប្រហារ បានកំណត់គោលដៅចំនួន ១៣ ដែលពាក់ព័ន្ធនឹងកន្លែង ផ្ទុកអាវុធដែលកប់ យ៉ាងជ្រៅរបស់ក្រុម Houthis ប្រព័ន្ធមីស៊ីល និងឧបករណ៍បាញ់បង្ហោះ ប្រព័ន្ធការពារដែនអាកាស និងរ៉ាដា ការពារជាតិសហរដ្ឋអាមេរិក។
លោកបានលើកឡើងថា ប្រតិបត្តិការនេះ ជាការផ្ញើសារយ៉ាងច្បាស់ មួយទៅកាន់ក្រុម Houthis នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
ក្នុងអំឡុងពេលនៃការវាយប្រហារ យោធាសហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះចម្បាំង F/A-18 នៅលើនាវាផ្ទុកយន្តហោះ USS Dwight D. Eisenhower និងបានបាញ់មីស៊ីលឆ្លងទ្វីប Tomahawk ពីនាវាចម្បាំងអាមេរិក ដែលដាក់ពង្រាយទៅកាន់សមុទ្រក្រហម នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក ដែលដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិក។
វាជាលើកទី៣ ហើយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលសម្ពន្ធមិត្តអាមេរិក និងអង់គ្លេស បើកការវាយប្រហារលើគោលដៅក្រុម Houthi ដែលក៏ធ្វើតាមការវាយប្រហារតាមអាកាសរបស់អាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី កាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះដ្រូន ដោយក្រុមជីវពលក្នុងតំបន់ ដែលបានសម្លាប់សមាជិក សេវាកម្មអាមេរិកបីនាក់ និង របួសជាង ៤០នាក់ទៀត៕
ប្រែសម្រួល ឈូក បូរ៉ា