បាកដាដ៖ ក្រសួងការបរទេសអ៊ីរ៉ាក់ បានឲ្យដឹងថា ក្រសួងការបរទេសអ៊ីរ៉ាក់ បានកោះហៅ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅទីក្រុងបាកដាដ កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិក នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ភារធារីសហរដ្ឋអាមេរិក បានទទួលលិខិតតវ៉ាមួយ ដែលក្នុងនោះអ៊ីរ៉ាក់ បានសម្តែងការបដិសេធ និងថ្កោលទោស ចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ដែលបានកំណត់គោលដៅលើកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ក៏ដូចជាទីតាំងជនស៊ីវិលនៅក្នុងតំបន់ Akashat និង al-Qaim ។
កំណត់សម្គាល់បានសង្កត់ធ្ងន់លើការបដិសេធរបស់អ៊ីរ៉ាក់ ក្នុងការធ្វើឱ្យទឹកដីរបស់ខ្លួនក្លាយជាវេទិកាសម្រាប់ការដោះស្រាយពិន្ទុរវាងប្រទេសដែលមានជម្លោះដោយថា “ប្រទេសរបស់យើងមិនមែនជាកន្លែងសមរម្យក្នុងការផ្ញើសារ និងបង្ហាញកម្លាំងរវាងគូប្រជែងនោះទេ” ។
សកម្មភាពរបស់ក្រសួងនេះ បានកើតឡើងបន្ទាប់ពីកងកម្លាំងអាមេរិក បានធ្វើការវាយប្រហារតាមអាកាសទៅលើកងកម្លាំងប្រដាប់អាវុធ Hashd Shaabi នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់មនុស្ស ១៦នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាសលើគោលដៅជាង ៨៥ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីប្រឆាំងនឹងកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ និងក្រុមជីវពល ដែលមានសម្ព័ន្ធភាព៕
ប្រែសម្រួល ឈូក បូរ៉ា