អ៊ីស្តង់ប៊ុល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ថា កាលពីថ្ងៃសៅរ៍ ប៉ូលិសតួកគីបានឃុំខ្លួនសមាជិកសង្ស័យ នៃក្រុមរដ្ឋឥស្លាម ហៅកាត់ថា (IS) បានចំនួន១៧នាក់ ជុំវិញការចោទប្រកាន់របស់ពួកគេទៅនឹង ការវាយប្រហារមកលើព្រះវិហារនាពេលថ្មីៗនេះ នៅក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសតួកគី គឺទីក្រុងអ៊ីស្តង់ប៊ុល ។ ទូរទស្សន៍រដ្ឋ TRT បានរាយការណ៍ឲ្យដឹងដូច្នេះ ។
នេះបើយោងតាមសារព័ត៌មានបានផ្សាយឲ្យដឹងថា កងកម្លាំងប៉ូលិស សហការជាមួយអង្គភាពស៊ើបការណ៍ជាតិ បានបើកប្រតិបត្តិការ ប្រឆាំងនឹងជនសង្ស័យ នៅក្នុងទីក្រុង នៅក្នុងអំឡុងពេលនោះ បានដកហូតបានឯកសារមួយចំនួនធំផងដែរ ។
គួររំលឹកថា កាលពីថ្ងៃសុក្រ លោក Yilmaz Tunc រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសថា អាជ្ញាធរតួកគី បានចាប់ខ្លួនមនុស្សចំនួន២៥នាក់ ពាក់ព័ន្ធនឹងការវាយប្រហារ ដោយចោទប្រកាន់ពីបទ “សមាជិកភាពនៅក្នុងអង្គការមួយ” និង “មនុស្សឃាតដោយចេតនា” ។
អ្នកវាយប្រហារ ២នាក់ ដែលត្រូវបានគេជឿថា មានទំនាក់ទំនងជានឹងមួយក្រុម IS បានបាញ់សម្លាប់ពលរដ្ឋតួកគីម្នាក់ក្នុងអំឡុងពេលបម្រើការនៅព្រះវិហារ Santa Maria ក្នុងសង្កាត់ Sariyer នៃទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី២៨ ខែមករា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា