បរទេស ៖ មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយ SDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកលើមូលដ្ឋានហ្វឹកហ្វឺនមួយ កន្លែងសម្រាប់ទាហាន អាមេរិកនៅទីក្រុង Deir ez-Zor ប្រទេសស៊ីរី បានសម្លាប់សមាជិក យ៉ាងហោចណាស់ប្រាំមួយនាក់ នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រ ដោយសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមសេចក្តីថ្លែងការណ៍ថា “កងជីវពលដែលគាំទ្រ ដោយអ៊ីរ៉ង់ បានប្រើប្រាស់តំបន់គ្រប់គ្រង ដោយរបបស៊ីរីនៅ Deir ez-Zor ជាទីតាំងចាប់ផ្តើម សម្រាប់ការវាយប្រហារ ភេរវករដែលបានកំណត់គោលដៅ នៃសាលា Commando របស់យើង ហើយបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិត នៃយុទ្ធជនកងកុម្ម៉ង់ដូរ បស់យើងប្រាំមួយនាក់” ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា ការស៊ើបអង្កេតដំបូង បានបញ្ជាក់ថា កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ គឺជាអ្នកនៅពីក្រោយការ វាយប្រហារដោយយន្តហោះគ្មាន មនុស្សបើកប្រឆាំង នឹងកងកម្លាំង SDF នៅតំបន់ប្រេង Al-Omar ក្នុងទីក្រុង Deir ez Zor ។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ការវាយប្រហារនេះ មានគោលបំណងជាចម្បងក្នុងការរារាំងប្រតិបត្តិការរួមគ្នាប្រឆាំងនឹងអំពើភេរវកម្ម ដោយធ្វើឱ្យក្រុមភេរវកររដ្ឋអ៊ីស្លាម ក្លាយជា “អ្នកទទួលផលតែមួយគត់” ។
កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលដឹកនាំដោយយុទ្ធជនឃឺដ និងគាំទ្រ ដោយសហរដ្ឋអាមេរិក ប្រតិបត្តិការនៅភាគឦសានប្រទេសស៊ីរី ដែលត្រូវបានចោទប្រកាន់ថា ដើម្បីការពារការកើតឡើងវិញ នៃក្រុមរដ្ឋអ៊ីស្លាម ៕
ប្រែសម្រួលៈ ណៃ តុលា