ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន នៅតែប្រឈមមុខ នឹងការចោទប្រកាន់ចាស់ ពីបទប្រមាថព្រះមហាក្សត្រ ធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

AFP

បរទេសៈ អ្នកនាំពាក្យការិយាល័យ អគ្គព្រះរាជអាជ្ញា (OAG) បាននិយាយនៅថ្ងៃអង្គារថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែប្រឈមមុខ នឹងការចោទប្រកាន់ព្រហ្មទណ្ឌ ពីបទប្រមាថមហាក្សត្រ តាំងពីឆ្នាំ២០១៦ ហើយអគ្គព្រះរាជអាជ្ញានឹងសម្រេចថាតើលោក ថាក់ស៊ីន នឹងត្រូវចោទប្រកាន់ឬយ៉ាងណា?

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Prayut Phetcharakhun អ្នកនាំពាក្យ ការិយាល័យអគ្គព្រះរាជអាជ្ញា បាននិយាយថា នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ OAG បានទទួលសំណុំរឿងនេះ ពីប៉ូលិស នៅនាយកដ្ឋានបង្រ្កាប បទល្មើសបច្ចេកវិទ្យា ។ លោកថាក់ស៊ីន ត្រូវបានចោទប្រកាន់ថា បានបរិហារកេរ្តិ៍រាជានិយម នៅក្នុងការអត្ថាធិប្បាយ ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៥។

យោងតាមអ្នកនាំពាក្យលោក Prayut នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦ បន្ទាប់មកអគ្គព្រះរាជអាជ្ញា Pongniwat Yuthapanboripan ក៏បានសម្រេចចោទប្រកាន់ តាមផ្លូវច្បាប់ទៅលើលោកថាក់ស៊ីន។ នៅពេលនោះ លោកថាក់ស៊ីន ជាអ្នករត់គេចខ្លួន ហើយអតីតអគ្គព្រះរាជអាជ្ញា បានប្រាប់ប៉ូលីសឱ្យស្វែងរកដីកាចាប់ខ្លួន ពីតុលាការព្រហ្មទណ្ឌ។ តុលាការក៏បានចេញដីកា។

បន្ទាប់ពីលោក ថាក់ស៊ីន បានត្រឡប់មកប្រទេសវិញនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ ប៉ូលីសបានបង្ហាញដីកាចាប់ខ្លួនទៅកាន់នាយកដ្ឋានកែប្រែ ហើយស្វែងរកការឃុំខ្លួនរបស់លោកក្នុងករណីដែលអតីតនាយករដ្ឋមន្ត្រីអាយុ ៧៤ឆ្នាំរូបនេះត្រូវបានដោះលែង។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំនេះ រដ្ឋអាជ្ញា និងប៉ូលីសបានជូនដំណឹងដល់លោក ថាក់ស៊ីន ពីការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងបទចោទប្រកាន់ពាក់ព័ន្ធ នឹងឧក្រិដ្ឋកម្មកុំព្យូទ័រ។ លោក ថាក់ស៊ីន បានបដិសេធការចោទប្រកាន់នេះ ហើយបានដាក់ញត្តិជា លាយលក្ខណ៍អក្សរសម្រាប់ការប្រព្រឹត្តិដោយយុត្តិធម៌។ លោកបន្តថា អគ្គព្រះរាជអាជ្ញា បច្ចុប្បន្នមិនទាន់សម្រេចថាតើលោក ថាក់ស៊ីន គួរត្រូវបានចោទប្រកាន់ឬយ៉ាងណានោះទេ។

អ្នកនាំពាក្យរង OAG លោក Nakhen Thongpraiwan បាននិយាយថា នាយកដ្ឋានកែប្រែមិនបានឆ្លើយតបទៅនឹងសំណើសុំឱ្យបន្តឃុំខ្លួនលោកថាក់ស៊ីន នោះទេ។ តាមច្បាប់ ការឆ្លើយតបត្រូវតែផ្តល់ឱ្យ៧ថ្ងៃមុន ពេលលោកត្រូវបានដោះលែង៕
ប្រែសម្រួលៈ ណៃ តុលា

To Top