បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស អាល់ហ្សេរីលោក Ahmed Attaf កាលពីថ្ងៃអង្គារបានពិភាក្សា ជាមួយសមភាគី អាមេរិកលោករដ្ឋមន្ត្រី Anthony Blinken អំពីស្ថានភាព នៅតំបន់ហ្គាហ្សាស្ទ្រីប។
Attaf បានទទួលការហៅ ទូរស័ព្ទពី Blinken ក្នុងអំឡុងពេល ដែលពួកគេបានផ្លាស់ប្តូរទស្សនៈ ស្តីពីការវិវឌ្ឍន៍ដែលកំពុងបន្ត នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។ ការពិភាក្សារបស់ពួកគេផ្តោតសំខាន់ លើសេចក្តីព្រាងសេចក្តីសម្រេច ដែលបានដាក់ជូនដោយអាល់ហ្សេរី ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលជំរុញឱ្យមានបទឈប់បាញ់ មនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍។
សេចក្តីថ្លែងការណ៍នេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ទៅវិញទៅមករបស់មន្ត្រីទាំងពីរ ដើម្បីបង្កើនការទំនាក់ទំនង ដោយផ្អែកលើការវិវត្តន៍ជាក់ស្តែង ទាំងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អាល់ហ្សេរី បានបង្ហាញសេចក្តីព្រាងច្បាប់នេះ ដល់ក្រុមប្រឹក្សា ដែលមានសមាជិក១៥កាលពីថ្ងៃទី៣១ខែមករារួចមកហើយ បន្ទាប់ពីការពិភាក្សាលើសេចក្តីសម្រេចរបស់តុលាការ យុត្តិធម៌អន្តរជាតិ ដែលបញ្ជាឱ្យអ៊ីស្រាអែល ចាត់វិធានការជាបន្ទាន់ ដើម្បីការពារអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា ៕
ប្រែសម្រួល៖ស៊ុនលី