ព័ត៌មានអន្តរជាតិ

លោក ថាក់ស៊ីន បដិសេធការចោទប្រកាន់ពីបទប្រមាថមហាក្សត្រ កាលពីឆ្នាំ ២០១៦

រូបភាពពី៖​ AFP

បរទេស៖ ការិយាល័យអគ្គព្រះរាជអាជ្ញា (OAG) របស់ប្រទេសថៃ បានប្រកាសកាលពីថ្ងៃអង្គារថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ជុំវិញបទសម្ភាសន៍ដែលលោកបានផ្តល់ឲ្យប្រព័ន្ធផ្សព្វផ្សាយបរទេសកាលពីឆ្នាំ ២០១៥។ ទោះជាយ៉ាងណាក៏ដោយ ការចោទប្រកាន់នេះនៅមិនទាន់សម្រេចដោយអគ្គព្រះរាជអាជ្ញាដែលកំពុងស្ថិតក្នុងតំណែងនៅឡើយទេ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ការិយាល័យអគ្គព្រះរាជអាជ្ញា បានកើតឡើងបន្ទាប់ពីសកម្មជននយោបាយលោក Wirangrong Dabbaransi បានបង្ហោះរូបភាពនៃឯកសារពី OAG និងផ្នែកបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដែលរាយការចោទប្រកាន់ចំនួនពីរដែលអតីតនាយករដ្ឋមន្ត្រីប្រឈមមុខ។

ការចោទប្រកាន់នេះមានប្រភពចេញពីបទសម្ភាសន៍ដែលថាក់ស៊ីនបានផ្តល់ទៅឱ្យកាសែតប្រចាំថ្ងៃរបស់កូរ៉េខាងត្បូង Chosun Ilbo ដែលក្នុងនោះ លោក ថាក់ស៊ីន បានចោទថា ក្រុមប្រឹក្សាព្រះមហាក្សត្របានគាំទ្ររដ្ឋប្រហារកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៤ ដែលបានទម្លាក់រដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាប្អូនស្រីរបស់លោក។

លោក Prayut Phetkhun អ្នកនាំពាក្យ OAG បាននិយាយកាលពីថ្ងៃអង្គារថា ពាក្យបណ្តឹងមួយត្រូវបានប្តឹងប្រឆាំងនឹងលោកថាក់ស៊ីន កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ដោយចោទប្រកាន់លោកពីបទបរិហារកេរ្តិ៍រាជាធិបតេយ្យនៅក្នុងការអត្ថាធិប្បាយដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៥។

លោក Prayut បាននិយាយថា កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦ នៅពេលនោះ អគ្គព្រះរាជអាជ្ញា Pongniwat Yuthapanboripan បានសម្រេចចិត្តចោទប្រកាន់លោក ថាក់ស៊ីន។ នៅពេលនោះ អតីតនាយករដ្ឋមន្ត្រី ជាអ្នករត់គេចខ្លួន ហើយ OAG បានប្រាប់ប៉ូលីសឱ្យស្វែងរកដីកាចាប់ខ្លួនលោកពីតុលាការព្រហ្មទណ្ឌ។ លោក Prayut បាននិយាយថា ដីកានេះត្រូវបានចេញ ហើយនឹងផុតកំណត់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០៣០។

នៅពេលដែលលោកថាក់ស៊ីន បានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញកាលពីថ្ងៃទី ២២ ខែសីហាឆ្នាំមុន លោក Prayut បាននិយាយថា ប៉ូលីសបានបង្ហាញដីកាចាប់ខ្លួនទៅកាន់នាយកដ្ឋានកែប្រែផងដែរ។

កាលពីថ្ងៃទី១៧ ខែមករា ប៉ូលីសបានជូនដំណឹងដល់លោក ថាក់ស៊ីន ដែលមានវ័យ ៧៤ឆ្នាំរូបនេះពីការប្រមាថមើលងាយ និងការចោទប្រកាន់ទាក់ទងនឹងឧក្រិដ្ឋកម្មកុំព្យូទ័រ។ លោក Prayut បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ លោកថាក់ស៊ីនបានបដិសេធ ហើយបានសរសេរទៅកាន់អគ្គព្រះរាជអាជ្ញា ដើម្បីឱ្យមានការប្រព្រឹត្តិដោយយុត្តិធម៌។

លោកបានបន្ថែមថា នៅពេលនេះវានៅតែមិនច្បាស់ថាតើអតីតនាយករដ្ឋមន្ត្រីនឹងត្រូវបានចោទប្រកាន់ ឬ យ៉ាងណា៕ ប្រែសម្រួលៈ ណៃ តុលា

To Top