ព័ត៌មានអន្តរជាតិ

Update៖ ផ្ទុះគ្រាប់បែកផ្ទួនគ្នា នៅភាគនីរតីប៉ាគីស្ថាន បណ្តាលឲ្យស្លាប់មនុស្សអស់តិចបំផុត ២៤នាក់

AFP

ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មនុស្សចំនួន ២៤នាក់បាត់បង់ជីវិត នៅថ្ងៃពុធនេះ ដោយការបំផ្ទុះគ្រាប់បែក ២ដងផ្សេងគ្នា នៅខាងក្រៅការិយាល័យរបស់ បេក្ខជនបោះឆ្នោតនៅភាគនិរតី ប្រទេសប៉ាគីស្ថាន នៅមុនថ្ងៃបោះឆ្នោតជាតិ ដែលបង្កឡើងដោយអំពើហិង្សា និងការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត ។

មន្ត្រីសន្តិសុខជាងកន្លះលាននាក់ ត្រូវបានដាក់ពង្រាយនៅមុនការបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ ដោយអាជ្ញាធរបានចែកចាយសន្លឹកឆ្នោត ទៅកាន់ការិយាល័យបោះឆ្នោតជាង ៩០.០០០កន្លែង ។

មានឧប្បត្តិហេតុសន្តិសុខជាច្រើន នៅក្នុងពេលជិតដំណើរការ នៃការបោះឆ្នោត ដោយយ៉ាងហោចណាស់បេក្ខជន ២រូបត្រូវបានបាញ់សម្លាប់ និងរាប់សិបនាក់ទៀតជាគោលដៅ ក្នុងការវាយប្រហារនៅទូទាំងប្រទេស ។

លោក Jan Achakzai រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រាប់ខេត្ត Balochistan ជាកន្លែងដែលការបំផ្ទុះបានកើតឡើងបានថ្លែងថា “គោលបំណងនៃការបំផ្ទុះនៅថ្ងៃនេះ គឺដើម្បីបំផ្លាញការបោះឆ្នោត” ។

លោកបានបញ្ជាក់ថា “ទោះបីជាមានការផ្ទុះគ្រាប់បែកនៅថ្ងៃនេះក៏ដោយ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកដដែល ។ ប្រជាជន Balochistan នឹងចេញមកនៅថ្ងៃស្អែក ដោយមិនមានការភ័យខ្លាចអ្វីឡើយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top